ក្រសួងពាណិជ្ជកម្មមានតួនាទីក្នុងការស្វែងរកទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស សម្រាប់អាជីវករ និងធុរជន ដែលកំពុងប្រកបអាជីរកម្ម និងវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា។ កន្លងមកកម្ពុជាបានធ្វើសមាហរណកម្មនៅក្នុងសេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចសាកល ដូចជាការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៩ និងពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ ២០០៤។ ការចាប់ដៃគូជាមួយប្រទេសដទៃទៀតក្នុងតំបន់ និងក្រៅតំបន់ដូចជាប្រទេសចិន និងសហភាពអឺរ៉ុប ជាការប្រឹងប្រែងដើម្បីពង្រីកទីផ្សារ និងពង្រឹងធុរកិច្ចប្រកបដោយការទទួលខុសត្រូវ។
សម្រាប់ក្រសួងពាណិជ្ជកម្ម ធុរកិច្ចប្រកបដោយការទទួលខុសត្រូវនេះផ្តោតលើ៖
ចំណុចទី១ ការពង្រឹងផលិតភាព ផលិតកម្ម និងសម្រួលធុរកិច្ច ដើម្បីពង្រឹងការអនុវត្ត និងសមត្ថភាពប្រកួតប្រជែងធ្វើអាជីវកម្មជាមួយប្រទេសដទៃទៀត។ សេវាកម្មទាំងអស់ដូចជាការចេញវិញ្ញាបនប័ត្រប្រភពដើមទំនិញ ការចុះបញ្ជីម៉ាក ការចុះបញ្ជីក្រុមហ៊ុន និងការចេញរិញ្ញាប័ណ្ណច្បាប់ប្រភពដើមទំនិញ ត្រូវបានអនុវត្តតាម online ដើម្បីសម្រួលដល់ការធ្វើការរវាងធុរជន និងក្រសួង។ ពាក់ព័ន្ធចំនុចនេះក្រសួងក៏បានរៀបចំច្បាប់ជាច្រើន ដូចជាច្បាប់ការពារអ្នកប្រើប្រាស់ ច្បាប់ប្រកួតប្រជែង ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។ល។
ចំណុចទី២ គឺក្រសួងបានចូលរួមជាមួយ “គម្រោងរោងចក្រកាន់តែប្រសើរ” តាំងពីឆ្នាំ ២០០០ ដោយផ្តោតទៅលើកម្មកររោងចក្រកាត់ដេរដែលជានិយោជិក។ ក្នុងគម្រោងនេះ ក្រសួងពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ដើម្បីជម្រុញឲ្យបរិយាកាសក្នុងរោងចក្រកាត់ដេរកាន់តែប្រសើរឡើង ដោយផ្សារភ្ជាប់កម្មវិធីនេះជាមួយទីផ្សារ ដែលកន្លងមកទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់។
ចំណុចទី៣ គឺការរៀបចំអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (Accelerated Inclusive Market Access for Small holders (AIMS)) ជម្រុញឲ្យមានទីផ្សារសម្រាប់កសិករខ្នាតតូច ដូចជាការយកចិត្តទុកដាក់ពង្រឹងខ្សែសង្វាក់តម្លៃ ដែលបើកឳកាសឲ្យកសិករ និងសហគ្រិនខ្នាតតូចជាស្ត្រីអាចចូលរួមក្នុងកម្មវិធីនេះបាន ហើយចាប់ទាញដៃគូផ្សេងៗទៀតដែលមានបំណងវិនិយោគលើខ្សែសង្វាក់តម្លៃចូលរួមជាមួយគាត់ ដើម្បីមានឳកាសផ្សារភ្ជាប់ផលិតកម្មទៅនឹងទីផ្សារ។ គម្រោងនេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ដោយទទួលបានការវាយតម្លៃពិន្ទុ ៤ ក្នុងចំណោមពិន្ទុសរុប ៦។ ក្រសួងកំពុងបន្តអនុវត្តគម្រោងនេះ ហើយសង្ឃឹមថាវានឹងផ្តល់ផលប្រយោជន៍ដល់កសិករខ្នាតតូច និងមធ្យមបានកាន់តែច្រើនថែមទៀត ជាមួយនឹងគោលដៅ “កសិករម្នាក់ឲ្យក្លាយទៅជាពាណិជ្ជករម្នាក់” ។ ជាមួយគ្នានោះដែរ ក្រសួងមាននាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជនមួយ ដើម្បីបណ្តុះបណ្តាលសហគ្រិនភាព ដែលចងក្រងសម្ព័ន្ធអាជីវកម្ម និងធ្វើការជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យការងារសហគ្រិនភាព និងការរកស៊ីរបស់វិស័យឯកជន ប្រព្រិត្តទៅល្អប្រសើរ។