ជីវិតរបស់អ្នកស្រីចាន់ឌី បានផ្លាស់ប្តូរបន្ទាប់ពីអ្នកស្រីចូលរួមក្នុងសកម្មភាពរបស់គម្រោងស្តីពី ការផ្តល់ភាពអង់អាចដល់ប្រជាជនដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរឡើង (EPBL) និងអនុវត្តមាគ៌ាឆ្ពោះទៅរកសមភាពយេនឌ័រ (GALS)។ GALS គឺជាវិធីសាស្ត្រពង្រឹងភាពអង់អាចដឹកនាំដោយសហគមន៍ ដោយប្រើប្រាស់ដំណើរការ និងឧបករណ៍ដែលមានការចូលរួម ក្នុងគោលបំណងឲ្យបុរស និងស្ត្រី រៀបចំផែនការ និងគ្រប់គ្រងជីវិតរបស់ពួកគេ ក្នុងកម្រិតផ្ទាល់ខ្លួន កម្រិតគ្រួសារ និងកម្រិតសហគមន៍។
គម្រោងនេះបានជួយឲ្យជីវិតម្តាយដែលមានមុខរបរជាអ្នកទិញអេតចាយ វ័យ ៣៤ ឆ្នាំ មានកូន ៤ នាក់ រូបនេះ រកឃើញនូវទេពកោសល្យរបស់ខ្លួន ហើយបានជម្រុញឲ្យអ្នកស្រីចង់យល់ដឹងំពីយេនឌ័រ ចូលរួមក្នុងការអភិវឌ្ឍសហគមន៍ បង្កើនជំនាញភាពជាអ្នកដឹកនាំរបស់ខ្លួន និងគាំទ្រស្ត្រីដទៃទៀតនៅក្នុងសហគមន៍។
អ្នកស្រីមានការស្ទាក់ស្ទើរនៅពេលគេស្នើឱ្យចូលរួមក្នុងឱកាសប្រកួតពានរង្វាន់ចូលជាសមាជិកក្រុមសន្សំប្រាក់ និងជាហិរញ្ញញឹក GALS ប៉ុន្តែចុងក្រោយអ្នកស្រីព្រមទទួលយកដោយបង្ខំ ដោយសារមិនមានទំនុកចិត្តលើខ្លួនឯង។
កសាងការជឿជាក់លើខ្លួនឯង
អ្នកស្រីចាន់ឌីទទួលបានការបណ្ដុះបណ្ដាល ការហ្វឹកហាត់ និងការណែនាំ។ អ្នកស្រីរៀនធ្វើការជាមួយក្រុមមួយ។ សមាជិកទាំងអស់របស់ក្រុមនេះ ទទួលបានការគាំទ្រដើម្បីឆ្លុះបញ្ចាំងអំពីចំណេះដឹង និងជំនាញភាពជាអ្នកដឹកនាំរបស់ពួកគេ ក្នុងការអនុវត្តវិធីសាស្ត្រ GALS។
អ្នកស្រីចាន់ឌីនិយាយថា «ខ្ញុំគិតថាខ្ញុំខ្លាំងជាងមុន ហើយមានទំនុកចិត្តច្រើនជាងមុន ក្នុងការសម្រេចចិត្តនៅក្នុងជីវិតរបស់ខ្ញុំ និងគ្រួសារ ហើយក្លាយជាគ្រូបង្ហាត់ GALS សម្រាប់សហគមន៍របស់ខ្ញុំ។»
អ្នកស្រីចាន់ឌី ចាប់អារម្មណ៍យ៉ាងខ្លាំង លើតុល្យភាពអំណាច និងបានរួមចំណែកជាច្រើនដល់ការលើកកម្ពស់ការយល់ដឹងពីតួនាទីយេនឌ័រ ទាំងនៅក្នុងគ្រួសារ និងសហគមន៍។ កាលពីមុន អ្នកស្រីបានចាត់ទុកខ្លួនឯងត្រឹមតែជាស្ត្រីសាមញ្ញម្នាក់ ដែលធ្វើការងារថែទាំផ្ទះដោយគ្មានប្រាក់កម្រៃប៉ុណ្ណោះ។ បច្ចុប្បន្ននេះ អ្នកស្រីដឹងថាអ្នកស្រីមានលទ្ធភាពក្នុងការជួយសហគមន៍របស់អ្នកស្រី ដោយធ្វើការជាអ្នកស្ម័គ្រចិត្ត ក្នុងការគាំទ្រដល់សហគមន៍ និងឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំសហគមន៍ថែមទៀតផង។
អ្នកស្រីចាន់ឌី បានបញ្ជាក់ថា «ខ្ញុំមានបំណងចង់ឈរជាបេក្ខជន នៅក្នុងការបោះឆ្នោតលើកក្រោយ សម្រាប់តំណែងមេឃុំ នៅឃុំបឹងខ្នារ ខេត្តពោធិ៍សាត់ ដើម្បីជួយអ្នកភូមិរបស់ខ្ញុំឱ្យរួចផុតពីអំពើហិង្សាក្នុងគ្រួសារ និងលើកកម្ពស់សមភាពយេនឌ័រ។»
ហេង ចាន់ឌី គឺជាបេក្ខនារីម្នាក់ក្នុងចំណោមម្ចាស់ពានរង្វាន់ GALS ចំនួន ១៣នាក់ ក្នុងគម្រោង EPBL ដែលបានអនុវត្ត ដោយ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និង អង្គការអុកស្វាម។ ម្ចាស់ពានរង្វាន់ស្ត្រីទាំងនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណាក់កាលសាកល្បងគម្រោង EPBL ដោយបានបង្កើតសៀវភៅណែនាំ ឯកសារការយល់ដឹងស្តីពីភាពជាអ្នកដឹកនាំ និងបង្កើនការយល់ដឹងស្តីពីយេនឌ័រ ព្រមទាំងភាពជាអ្នកដឹកនាំ។