លីហួយ បានចូលរៀននៅសាលារៀនទន្សាយ ពេលនាងមានអាយុ ១១ឆ្នាំ និងមានជម្ងឺដោនស៊ីនដ្រូម (Down’s Syndrome)។ នាងមានការលំបាកយ៉ាងខ្លាំងក្នុងការបង្ហាញពីបំណិនសង្គម។ ជួនកាល នាងបានវាយធ្វើបាបមិត្តរួមថ្នាក់របស់នាង ហើយពេលខ្លះទៀត នាងនៅឆ្ងាយពីអ្នកដទៃ ដោយសារតែមានការភ័យខ្លាចចំពោះមនុស្សគ្រប់គ្នា។ ជារឿយៗ គេសង្កេតឃើញថា លីហួយ លេងតែម្នាក់ឯងជាមួយបាល់ ឬរបស់លេងផ្សេងទៀត ហើយនាងមិនដែលបានព្យាយាមលេងជាមួយក្មេងៗដទៃទៀតឡើយ។
លីហួយ មានការថយចុះលើការអភិវឌ្ឍការយល់ដឹងផងដែរ។ នាងពិបាកក្នុងការគូរបន្ទាត់ឱ្យត្រង់ កុំថាឡើយដល់ការគូររូបភាព។ ការពិត ករណីនេះកើតឡើង ដោយហេតុថានាងមានការលំបាកក្នុងការកាន់ខ្មៅដៃ ដើម្បីគូរ និងសរសេរ។ នាងក៏មិនស្គាល់ពណ៌ អក្សរ និងលេខផ្សេងៗគ្នា ដែលគ្រូបានបង្រៀននៅក្នុងថ្នាក់រៀននោះដែរ។ ការអាន ក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់នាង។
ភាពរីកចម្រើនលើការអភិវឌ្ឍការយល់ដឹង និងបំណិនសង្គម
នៅឆ្នាំ ២០១៧ ជីវិតក្មេងស្រីតូចនេះ បានផ្លាស់ប្តូរ។ ក្នុងរយៈពេលត្រឹមតែ ១ឆ្នាំ នៅសាលារៀនទន្សាយ ជីវិតរបស់លីហួយ ឥរិយាបថ បំណិនសង្គម និងការអភិវឌ្ឍផ្នែកបញ្ញារបស់នាង បានប្រសើរឡើងយ៉ាងខ្លាំង និងបន្តរីកចម្រើន។
ជាធម្មតា នាងស្ថិតក្នុងចំណោមមិត្តភក្តិដែលរួសរាយរាក់ទាក់ និងរីករាយបំផុតក្នុងថ្នាក់របស់នាង។ នាងចូលចិត្តលេង ទាំងក្នុង និងក្រៅថ្នាក់រៀនជាមួយមិត្តភក្តិជាច្រើនទៀត ដែលនាងអាចលេងជាមួយបាន។ ទំនុកចិត្តរបស់នាងនៅតែបន្តកើនឡើង ហើយនាងលែងភ័យខ្លាចក្នុងការប្រាប់គ្រូពីអ្វីដែលនាងត្រូវការទៀតហើយ។
លីហួយក្នុងថ្នាក់រៀន។ រូបថត៖ វង្ស វុទ្ធី
ការអភិវឌ្ឍការយល់ដឹងរបស់ លីហួយ ជាពិសេសទាក់ទងនឹងភាសានៅតែបន្តប្រសើរឡើង។ នាងបានបង្ហាញពីសមត្ថភាពក្នុងការស្គាល់ពណ៌ផ្សេងគ្នាមួយចំនួន ស្រះ និងព្យញ្ជនៈ សូម្បីតែលំហាត់ផ្គូផ្គងរបស់នាង ក៏មានភាពល្អប្រសើរខ្លាំងដែរ។ បន្ថែមពីនេះទៀត នាងអាចកាន់ខ្មៅដៃសរសេរអក្សរមួយចំនួននៅលើក្រដាសទទេបានយ៉ាងត្រឹមត្រូវទៀតផង។ ឥឡូវនេះនាងក៏អាចយល់ និងអនុវត្តតាមការណែនាំពីគ្រូរបស់នាង ជាពិសេសនៅពេលគ្រូហៅឈ្មោះរបស់នាង។ ការងារដែលនាងចូលចិត្ត គឺការសុំធ្វើលំហាត់ផ្គូផ្គងនៅលើក្តារខៀន។
សាលារៀនទន្សាយ (Rabbit School) គឺជាសាលារៀនមួយក្នុងចំណោមសាលាមួយចំនួនតូច នៅក្នុងប្រទេសកម្ពុជាដែលបានធ្វើការជាមួយកុមារដែលមានបញ្ហាផ្នែកសតិបញ្ញា។ សាលារៀននេះ បានដំណើរការអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយបានជួយកុមារ និងបានផ្តល់ឱ្យពួកគេនូវការអប់រំពិសេស។ រាល់សកម្មភាពទាំងអស់របស់ពួកគេ គឺត្រូវបានកំណត់ដោយការគោរពចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់គ្នា និងការលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍។ បច្ចុប្បន្ននេះមានសិស្សចំនួន ៦៤០នាក់ ដែលកំពុងសិក្សាក្នុងកម្មវិធីអប់រំ។ កម្មវិធីអប់រំរបស់សាលារៀនទន្សាយ គឺត្រូវបានបង្កើតឡើង ដើម្បីជួយអភិវឌ្ឍកុមារដែលមានភាពខុសគ្នាផ្នែកបញ្ញា និងធ្វើការឆ្ពោះទៅរកការចូលរួមរបស់ពួកគេនៅក្នុងសង្គម។
តាមរយៈការគាំទ្រពីកម្មវិធីវ៉យ នៃអង្គការអុកស្វាម សាលារៀនទន្យា គឺអាចបណ្តុះបណ្តាលឪពុកម្តាយដូច ឪពុកម្តាយរបស់កុមារី លីហួយ និងជួយពួកគេឱ្យចេះថែទាំកូនៗ របស់ពួកគេដែលមានភាពខុសគ្នាផ្នែកបញ្ញាបានប្រសើរជាងមុន ដូចដែលពួកគេទទួលបានការអប់រំជាផ្លូវការនៅសាលារៀនទូទៅដែរ។ នៅពេលដែល កម្មវិធីវ៉យ មិនបានគាំទ្រគម្រោងសម្រាប់កុមារដោយផ្ទាល់ទេនោះ (យើងផ្តោតលើក្រុមយុវជនដែលងាយរងគ្រោះ) យើងទទួលស្គាល់ថាឪពុកម្តាយរបស់កុមារដែលមានតម្រូវការពិសេស គឺតម្រូវឱ្យមានការគាំទ្រផ្នែករូបវន្ត ខណៈដែលការអប់រំបញ្ចូលគ្នាបានដើរតួនាទីយ៉ាងសំខាន់។
សិស្សានុសិស្សមកពីសាលារៀនទន្សាយបានប្រារព្ធទិវា នៃការយល់ដឹងស្តីពីជំងឺអូទីសឹមពិភពលោកឆ្នាំ ២០១៩។ រូបថត៖ វង្ស វុទ្ធី
*សូមអរគុណជាពិសេសដល់ កុមារី លីហួយ ឪពុកម្តាយរបស់នាង និងសាលារៀនទន្សាយ សម្រាប់អត្ថបទមួយនេះ។ សូមបញ្ជាក់ថា តាមសំណូមពររបស់ឪពុកម្តាយ និងរបស់នាងផ្ទាល់ ឈ្មោះរបស់កុមារី លីហួយ ត្រូវបានផ្លាស់ប្តូរ។
អត្ថបទ និងរូបភាពដោយ លោក វង្ស វុទ្ធី/Rabbit School