សន្ទរកថាស្វាគមន៍ លោកស្រី សុខ ច័ន្ទ ឆវី ប្រធានកម្មវិធី អង្គការអុកស្វាម
សិក្ខាសាលា និងវេទិកាថ្នាក់ជាតិស្តីពី
“បញ្ហាប្រឈមរវាងអ្នកទទួលសេវា និង អ្នកផ្តល់សេវាការងារ ដល់យុវជននិងអ្នកមានពិការភាពនៅក្នុងប្រទេសកម្ពុជា”
ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩
សូមគោរព ឯ.ឧ ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ឋជន យុវនិតិសម្បទា
សូមគោរព និងជម្រាបសួរ លោក លោកស្រី ដែលអញ្ជើញមកពីអង្គការជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅទីនេះ ជាពិសេសចំពោះជនមានពិការភាព!
តាងនាមឲ្យអង្គការអុកស្វាម នៅក្នុងប្រទេសកម្ពុជា និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ នាងខ្ញុំមានកិត្តិយសដែលបានចូលរួមក្នុងកម្មវិធីវេទិកាថ្នាក់ជាតិ ដែលជនមានពិការភាព តំណាងអាណាព្យាបាល ជនមានពិការភាពសតិបញ្ញា តំណាងអង្គការជនមានពិការភាព បានជួបជាមួយអ្នកធុរកិច្ច និងអ្នកអនុវត្តគោលនយោបាយ ដើម្បីពិភាក្សាអំពីឧបសគ្គ និងបញ្ហាប្រឈមដែលរារាំងអំពីការដាក់បញ្ចូលយុវជនមានពិការភាពសតិបញ្ញា និងស្វែងរកដំណោះស្រាយសមស្របដែលជួយដោះស្រាយឧបសគ្គទាំងនេះ។
នេះជាលើកទី២ នៅក្នុងសប្តាហ៍នេះ ដែលនាងខ្ញុំមានកិតិ្តយសបានចូលរួមការពិភាក្សាអំពី ជនមានពិការភាព។ នេះបង្ហាញឲ្យឃើញថាមានការយកចិត្តទុកដាក់ខ្លាំងលើជនមានពិការភាព។ កិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៤ កន្លងទៅនេះ យើងពិភាក្សាអំពីជនមានពិការភាព និងការទទួលបាននូវសេវាសាធារណៈ ដូចជាការអប់រំ សេវាសុខភាព និងសេវារបស់ថ្នាក់ឃុំសង្កាត់ និងការចូលរួមរបស់ពួកគេក្នុងការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ នៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តគណនេយ្យភាពសង្គម។ ក្នុងកិច្ចប្រជុំនោះ មានការបង្ហាញនូវការរកឃើញបញ្ហាប្រឈមនានា និងតម្រូវការរបស់ជនមានពិការភាព ចំនួនជាង៥០០នាក់។ យើងបានស្តាប់ឭនូវសម្លេង ការប្រឈមដែលបានលើកឡើងដោយជនមានពិការភាពគ្រប់ប្រភេទ ។ តម្រូវការដែលពួកគេលើកឡើង គឺជាតម្រូវការចំពោះមុខ និងចាំបាច់ដែលពួកគេត្រូវតែទទួលបាន។ ហើយសំខាន់ផងដែរនោះ យើងក៏បានឮនូវការបេ្តជ្ញារបស់មន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ក្នុងការបង្កើនការគាំទ្រនិងថវិកាសម្រាប់ជនមានពិការភាព។ នាងខ្ញុំជាពលរដ្ឋកម្ពុជាមួយរូបមានសេចក្តីរីករាយនិងសង្ឃឹម យ៉ាងខ្លាំងថាជនមានពិការភាពនឹងទទួលបាននូវការលើកកម្ពស់កាន់តែប្រសើរជាងមុន។
កិច្ចប្រជុំនាពេលនេះ គឺកាន់តែជាក់លាក់ ជាពិសេស សម្រាប់ជនមានពិការភាពផ្នែកសតិបញ្ញា ថាតើធ្វើយ៉ាងណាដើម្បីគេទទួលបាននូវការងារសមរម្យនិងថ្លៃថ្នូរ។ នេះជាការងារដ៏ធំ ដែលត្រូវមានវិធានការធនធានគ្រប់គ្រាន់ និងកិច្ចសហការ ដើម្បីសម្រេចបាននូវការលើកកម្ពស់ស្ថានភាពជនមានពិការភាព។
អង្គការអុកស្វាម សូមអបអរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់គិតគូរ ដល់ជនមានពិការភាព តាមរយៈការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ និងត្រៀមរៀបចំយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ដែលផ្តោតសំខាន់លើការកាត់បន្ថយភាពក្រីក្រជនរបស់ជនមានពិការភាព ដើម្បីធានាបាននូវជីវភាពប្រសើរឡើងរបស់ពួកគេ និងលើកកម្ពស់ឯករាជ្យភាពរបស់ពួកគេ។ ជាក់ស្តែងថ្មីៗនេះ បានមានចេញជាបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
អង្គការអុកស្វាម នឹងបន្តចូលរួមចំណែកយ៉ាងសកម្ម និងសហការជាមួយស្ថាប័នពាក់ព័ន្ធ អ្នកអនុវត្តគោលនយោបាយ អង្គការសង្គមស៊ីវិល តំណាងអង្គការជនមានពិការភាព និងជនមានពិការភាព ដើម្បីពិភាក្សាអំពីឧបសគ្គ និងបញ្ហាប្រឈមដែលរារាំងអំពីការដាក់បញ្ចូលយុវជនមានពិការភាពសតិបញ្ញា និងស្វែងរកដំណោះស្រាយសមស្របដែលជួយដោះស្រាយឧបសគ្គទាំងនេះ។
នៅឆ្នាំ២០១៧ អង្គការអុកស្វាម តាមរយៈកម្មវិធី វ៉យ បានធ្វើការសិក្សាវិភាគស្ថានភាពរបស់ក្រុមដែលងាយរងគ្រោះជាងគេ បានរកឃើញថា នាពេលបច្ចុប្បន្នមានគោលនយោបាយ និងយន្តការមួយចំនួនបាន និងកំពុងយកចិត្តទុកដាក់ចំពោះជនដែលមានពិការភាព ជាពិសេសជនពិការផ្នែករាងកាយ។តែទន្ទឹមនឹងនោះ ការអនុវត្តនៅមិនទាន់បានទូលំទូលាយនៅឡើយ។ ឧបសគ្ក និងកត្តាប្រឈមនានា ជាពិសេស ការរើសអើងជនមានពិការភាពក្នុងការទទួលបានការងារ នៅតែជាការប្រឈមខ្លាំងនាពេលបច្ចុប្បន្ន ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង។ ការផ្សព្វផ្សាយច្បាប់ និងគោលនយោបាយ ធនធានមនុស្សនិងធនធានហិរញ្ញវត្ថុសម្រាប់ការអនុវត្តគោលនយោបាយនៅមានកម្រិត ព័ត៌មាននិងទិន្នន័យច្បាស់លាស់របស់ជនមានពិការភាពនៅពុំទាន់មានគ្រប់គ្រាន់ ដែលធ្វើឲ្យដំណោះស្រាយឆ្លើយតបនៅពុំទាន់បានពេញលេញ។ វេទិកាថ្នាក់ជាតិនៅថ្ងៃនេះនឹងជួយអោយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់យល់ច្បាស់ពីឧបសគ្គនានាដែលយុវជនមានពិការភាពផ្នែកសតិបញ្ញាកំពុងជួបប្រទះ និងដាក់បញ្ចូលទៅក្នុងគោលនយោបាយជាតិ ដើម្បីជម្រុញ និងឆ្លើយតបទៅនឹងបញ្ហាកង្វះខាតខាងលើនេះផងដែរ។
ជនពិការ ទាំងផ្នែករាងកាយនិងសតិបញ្ញា នៅតែទទួលរងការរើសអើង មាក់ងាយ កេងប្រវ័ញ្ចពីសង្គមខាងក្រៅ និងសង្គមគ្រួសារ ជាពិសេសជនមានពិការភាពដែលជាស្រ្តី និងកុមារី។ រូបភាពនិងពលកម្មរបស់ជនមានពិការភាពត្រូវបានយកទៅប្រើប្រាស់មិនសមស្រប ដូចជា ការសុំទាន ជាដើម។ សង្គមគ្រួសារមួយចំនួននៅគិតថា គឹជាកម្មពៀរដែលមានជនពិការនៅក្នុងគ្រួសារ ហើយជនពិការ គឺជាបន្ទុកដ៏ធ្ងន់របស់ពួកគាត់។ ការទទួលបាននូវការអប់រំ ការថែទាំសុខភាព ការប្រកបការងារ និងការចូលរួមក្នុងការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅតែជាបញ្ហាចម្បងចំពោះជនមានពិការភាព។
ការងារសំខាន់ៗ ដែលត្រូវធ្វើសហការនិងរួមគ្នាធ្វើបន្ត គឺការកំណត់ឲ្យឃើញច្បាស់តម្រូវការរបស់ជនមានពិការភាព ការជម្រុញការអនុវត្តគោលនយោបាយ និងយន្តការនានា ដើម្បីកាត់បន្ថយ និងលុបបំបាត់នូវការរើសអើង ឧបសគ្គនានា ដើម្បីបង្កើនឱកាសក្នុងការចូលរួមផ្តល់យោបល់ និងការទទួលបាននូវសេវាសាធារណៈ ការអប់រំ ការងារ មុខរបរសមស្រប ទទួលបានកិច្ចគាំពារសង្គមពេញលេញ និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។
អុកស្វាម តាមរយៈកម្មវិធី វ៉យ គឺជាកម្មវិធីដ៏សំខាន់មួយ ដើម្បីចូលរួមឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីលុបបំបាត់ភាពក្រីក្រនិងអសមធម៌ ដោយមិនទុកអ្នកណាម្នាក់ចោលឡើយ។ អុកស្វាមមានភាពរីករាយដែលបានចូលរួមចំណែកលើកកម្ពស់ស្ថានភាពរបស់ជនមានពិការភាព និងបានគាំទ្រគម្រោង ពង្រឹងសិទ្ឋិអំណាចឪពុកម្តាយក្នុងការស្វែងរកការគាំទ្រដើម្បីឆ្លើយតបទៅនឹងសិទ្ឋិរបស់កុមារពិការសតិបញ្ញា ដែលជាគម្រោងសម្រាប់ស្វែងរកការគាំទ្រមតិប្រកបដោយភាពច្នៃប្រឌិត ដើម្បីធានានូវសិទ្ឋិរបស់កុមារពិការសតិបញ្ញា អាចចូលរួម ទទួលបានសេវាថែទាំ និងអប់រំប្រកបដោយបរិយាប័ន្ន។ បន្ថែមលើនេះទៀត យើងក៏បាននិងកំពុងផ្តល់ការគាំទ្រដល់អង្គការនានាដែលលើកកម្ពស់ជនមានពិការភាព ដែលរួមមាន ក្រុមបណ្តាញស្ត្រីមានពិការភាព អង្គការតំណាងជនពិការជួយខ្លួនឯង ស្រុកបាធាយ អង្គការបុគ្គលសារវ័នកម្ពុជា និងមណ្ឌលស្រ្តីមានវិបត្តិកម្ពុជា អង្គការអេពីកអាត និងអង្គការខ្មែរអភិវឌ្ឍន៍ជនពិការ និងអ្នកក្រីក្រ។ល។
អង្គការអុកស្វាម នឹងបន្តសហការ និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា ព្រមទាំងស្ថាប័នជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកលើកកម្ពស់ និងគាំទ្រដល់ក្រុមដែលតំណាងឲ្យជនងាយរងគ្រោះ និងក្រុមដែលទទួលនូវការរើសអើងបំផុត ដើម្បីអាចចូលរួមក្នុងភាពជាតំណាងដ៏ប្រសើរក្នុងដំណើរការធ្វើសេចក្តីសម្រេចនៅក្នុងសហគមន៍ និងសង្គម។
ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់ឯកឧត្តម នាងកញ្ញា លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាពិសេស ជនមានពិការភាពទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ៕
All photos: Sokha Srey/Oxfam