មតិចូលរួមរបស់លោកស្រី សុខ ចន្ទ័ឆវី តំណាងអង្គការអុកស្វាមកម្ពុជា
ក្នុងវេទិកាសារធារណៈស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការចូលរួមរបស់សង្គមស៊ីវិល
ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩
សូមគោរព គណៈអធិបតី និងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងក្រសួងមហាផ្ទៃ
លោក លោកស្រីមកពីអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូរអភិវឌ្ឍ
សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ
សូមគោរព គណៈអធិបតី និងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងក្រសួងមហាផ្ទៃ
លោក លោកស្រីមកពីអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍ
សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ
តាងនាមឲ្យអង្គការអុកស្វាមនៅក្នុងប្រទេសកម្ពុជា នឹងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងវេទិកាសារធារណៈ ស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការចូលរួមរបស់សង្គមស៊ីវិល និងប្រជាពលរដ្ឋនាពេលនេះ។
ជាបឋម នាងខ្ញុំសូមកោតសរសើរ និងអរគុណដល់អ្នកចូលរួមទាំងអស់ ដែលលះបង់ពេលវេលាដ៏មមាញឹកចូលរួមនៅក្នុងវេទិកានាថ្ងៃនេះ ដើម្បីចំណេះដឹង និងបង្កើនការរួមចំណែកនៅក្នុងកំណែទម្រង់អភិបាលកិច្ច កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កិច្ចអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិកំណែ ទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឲ្យកំណែទម្រង់ខាងលើទាំងអស់នេះកាន់តែមានប្រសិទ្ធភាព ផ្អែកលើគោលការណ៍គណនេយ្យភាព តម្លាភាព ការចូលរួមពីគ្រប់មជ្ឈដ្ឋាន ប្រកបដោយបរិយាបន្ន និងឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ ដែលក្នុងនោះមានយើងទាំងអស់គ្នាដែលមានវត្តមានក្នុងវេទិកានេះ បានរួមចំណែកយ៉ាងសកម្មនៅក្នុងការបង្កើនកំណើនសេដ្ឋកិច្ច បង្កើនចំណូលថវិកាជាតិ តាមបែបផែនផ្សេងៗគ្នា ដូចជាការចូលរួមប្រកបមុខរបរ ប្រកបការងារទាំងក្នុងនិងក្រៅប្រទេស ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ព្រមទាំងការចូលរួមបង់ពន្ធអាករជាដើម។ ដូចនេះ ការចូលរួមរបស់សង្គមស៊ីវិល និងពលរដ្ឋនៅរាល់ដំណាក់កាលនៃកម្មវិធីកំណែទម្រង់ជាការចាំបាច់ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាពនិងបរិយាបន្ន ។
ការចូលរូមរបស់សង្គមស៊ីវិលនិងពលរដ្ឋ ដើម្បីធានាឲ្យមានតម្លាភាព គណនេយ្យភាពហិរញ្ញវត្ថុ និងបង្កើនប្រសិទ្ធភាពចំណូលនិងចំណាយដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋងាយរងគ្រោះ មិនមែនកើតឡើងតែនៅប្រទេសកម្ពុជានោះទេ គឺមាននៅក្នុងប្រទេសនានាជាច្រើន។ វិធានការសំខាន់ៗ ក្នុងនោះមានដូចជា ការពង្រឹងការទទួលបានព័ត៌មានសំខាន់ៗ ពេញលេញទាន់ពេល និងសាមញ្ញងាយយល់សម្រាប់ប្រជាពលរដ្ឋ ការពង្រឹងសមត្ថភាពរបស់សង្គមស៊ីវិលពាក់ព័ន្ធនឹងថវិកានិងហិរញ្ញវត្ថុ ការត្រួតពិនិត្យនិងផ្តល់យោបល់លើការផ្តល់សេវាសារធារណៈ ការបង្កើតយន្តការ និងឱកាសសម្រាប់សង្គមស៊ីវិល និងពលរដ្ឋចូលរួមគ្រប់ដំណាក់កាលសំខាន់ៗជាដើម។
ដោយឡែកនៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តដាក់លើកំណែទម្រង់អភិបាលកិច្ចល្អ តាំងពីឆ្នាំ២០០០ ដែលមានដូចជា កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កិច្ចអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលក្នុងនោះមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ជាស្ថាប័នដឹកនាំនិងសម្របសម្រួល ដែលមានសមិទ្ធផលនិងការរីកចម្រើនជាច្រើនដែលគួរកត់សម្គាល់។ ទន្ទឹមនឹងនេះ ក៏នៅមានចំណុចមួយចំនួនដែលត្រូវបង្កើនប្រសិទ្ធភាពបន្ថែមទៀត ។
អង្គការអុកស្វាម មានសេចក្ដីរីករាយដែលបានចូលរួមជាចំណែកដ៏សំខាន់នៅក្នុងកម្មវិធីកំណែទម្រង់នេះ។ អង្គការអុកស្វាម គឺជាស្ថាបនិកមួយក្នុងចំណោមអង្គការស្ថាបនិក ៣ ផ្សេងទៀតនៃក្រុមការងារថវិកាសង្គមស៊ីវិល ដែលបានបង្កើតក្នុងឆ្នាំ២០១០ (ហើយមកដល់ពេលបច្ចុប្បន្នមានសមាជិកចំនួន១៤) ក្នុងគោលបំណងជាដៃគូរបស់រដ្ឋាភិបាលក្នុងការងារលើកកម្ពស់តម្លាភាព និងគណនេយ្យភាពថវិកា និងប្រសិទ្ធភាពចំណូលនិងចំណាយ។ យើងធ្វើការជាមួយអង្គការសង្គមស៊ីវិលតាមរយៈការលើកកម្ពស់សមត្ថភាពរបស់ពួកគេ ការបង្កើតជាវេទិកាសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិជាដើម ដើម្បីលើកឡើងនិងជជែកពិភាក្សានូវតម្រូវការរបស់ពួកគេ ការវិភាគ និងចូលរួមផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលសម្រាប់ការរៀបចំថវិកាទៅលើវិស័យអាទិភាព ដូចជាវិស័យ អប់រំ សុខាភិបាល និងកិច្ចគាំពារសង្គម ដែលជាវិស័យសំខាន់ៗ ក្នុងការជួយកាត់បន្ថយភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ច និងសង្គម។
យើងខ្ញុំក៏សូមអរគុណចំពោះការចូលរួមចំណែកដ៏សំខាន់ពីដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ និងអង្គការសង្គមស៊ីវិលទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មទៅលើកំណែទម្រង់ដ៏សំខាន់ទាំងអស់នេះ ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលបច្ចុប្បន្ន។ ភាពជាដៃគូ និងក្នុងការចូលរួមប្រកបដោយគុណភាពរវាងដៃគូអភិវឌ្ឍន៏ និងអង្គការសង្គមស៊ីវិលនៅលើគ្រប់វិស័យ នេះគឺជាភាពមិនអាចខ្វះបាន។
សូមថ្លែងអំណរគុណចំពោះអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ដើម្បីជាឱកាសសម្រាប់ឱ្យតួអង្គពាក់ព័ន្ធទាំងអស់ឈ្វេងយល់កាន់តែលម្អិត និងទូលំទូលាយ អំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីបង្កើនការចូលរួមឲ្យកាន់តែមានប្រសិទ្ធភាពទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
អង្គការអុកស្វាម នឹងបន្តសហការជាមួយអង្គការដៃគូ ជាពិសេសក្រុមការងារថវិកាសង្គមស៊ីវិល និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា និងត្រៀមខ្លួនរួចជាស្រេចជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកក្នុងគ្រប់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលដើម្បីសម្រេចចក្ខុវិស័យរបស់កម្ពុជា។
ជាចុងបញ្ចប់ នាងខ្ញុំសូមគោរពជូនពរដល់គណៈអធិបតី តំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងក្រសួងមហាផ្ទៃ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងលោក លោកស្រី ឱ្យមានសុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ច។