សព្វថ្ងៃនេះ ប្រទេសកម្ពុជាកំពុងទទួលបានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ កម្ពុជា បានផ្លាស់ប្តូរពីប្រទេសមិនទាន់អភិវឌ្ឍ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងបោះជំហានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០។ ស្ថិតិបានបង្ហាញថា នៅឆ្នាំ២០០៧ អត្រាភាពក្រីក្រមានចំនួន៤៧.៨% ហើយនៅឆ្នាំ២០១៤ អត្រានេះបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់១៣.៥%។ តួលេខទាំងនេះ បង្ហាញពីតថភាពជាក់ស្តែង និងការគិតគូរ កិច្ចប្រឹងប្រែងរបស់ប្រទេសទៅដល់កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ។
បួនឆ្នាំបន្ទាប់ពីការចុះហត្ថលេខាលើគោលដៅការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ បញ្ហាប្រឈមសំខាន់ៗនៅតែមាន ជាពិសេសពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ។ ការកើនឡើងនៃអាស៊ីតក្នុងទឹកសមុទ្រ សំណឹកឆ្នេរ គ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរ ការដួលរលំនៃប្រព័ន្ធអេកូឡូស៊ី កំពុងធ្វើឱ្យសន្តិសុខស្បៀងអាហារប្រឈមនឹងហានិភ័យខ្ពស់។
ថ្មីៗនេះ អង្គការអុកស្វាម បានរៀបចំផែនការសេណារីយ៉ូជាសកល ដែលមានការចូលរួមពីភាគីពាក់ព័ន្ធផ្សេងៗគ្នា និងបានកំណត់និន្នាការគោលសំខាន់ៗពាក់ព័ន្ធនឹងភាពអាសន្ននៃអាកាសធាតុ ការធ្វើចំណាកស្រុកពីជនបទទៅទីក្រុង បច្ចេកវិទ្យា សាកលភាវូបនីយកម្ម និងការផ្លាស់ប្តូរតុល្យភាព អំណាចពីប្រទេសលោកខាងលិចទៅលោកខាងកើត និងយុត្តិធម៌យេនឌ័រ។ ប្រទេសកម្ពុជានៅតែជាប់ ចំណាត់ថ្នាក់មួយក្នុងចំណោមប្រទេសទាំង១០ ដែលងាយរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។ នេះក៏ដោយសារតែទីតាំងភូមិសាស្ត្រ និងសមត្ថភាពសម្របខ្លួននៅមានកម្រិតសម្រាប់ប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហានេះ អង្គការអុកស្វាមបានវិនិយោគនៅក្នុងក្រុមការងារសេវាកម្មកសិកម្មដឹកនាំដោយស្រី្ត ដែលក្នុងនោះស្រ្តីគ្មានដីធ្លីត្រូវបានបណ្ដុះបណ្ដាល ដោយបច្ចេកទេស និងជំនាញកសិកម្ម ក្នុងការផ្តល់សេវាកម្មដល់សហគមន៍របស់ពួកគេ។ សេវាកសិកម្មទាំងនេះ រួមមានការធ្វើស្រែតាមបែបប្រពលវប្បកម្មប្រកបដោយចិរភាព ការដាំបន្លែ កសិកម្មក្នុងទឹក និងការចិញ្ចឹមសត្វ។ ក្រុមការងារនេះ មិនត្រឹមតែធ្វើឲ្យការចិញ្ចឹមសត្វ និងប្រាក់ចំណូលរបស់កសិករ មានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយកសិករខ្នាតតូចដទៃទៀតឱ្យប្រើប្រាស់ដីជាអតិបរមាសម្រាប់ផលិតភាពទៀតផង។
រាជរដ្ឋាភិបាលកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយទំនាស់ដីធ្លី និងចេញកម្មសិទ្ធិដីធ្លីដល់គ្រួសារជាច្រើន។ យើងសប្បាយចិត្តដែលបានឃើញវឌ្ឍនភាពនេះ ទោះបីជាមានបញ្ហាប្រឈមក្នុងការអនុវត្តក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ ដោយក្របខ័ណ្ឌច្បាប់មួយចំនួនទាមទារនូវការបំភ្លឺ ហើយពេលខ្លះអាជ្ញាធរមិនសូវច្បាស់លាស់ទាក់ទងនឹងព្រំដីសម្បទាន។
អង្គការអុកស្វាម កំពុងធ្វើការជាមួយអ្នកពាក់ព័ន្ធដទៃទៀតដូចជា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ធនាគារ អង្គការជាតិ និងអន្តរជាតិ ដើម្បីជូនដំណឹង ក៏ដូចជាបង្កើន និងលើកកម្ពស់ការបញ្ចេញយោបល់របស់ជនជាតិដើមភាគតិច និងកសិករខ្នាតតូច ដើម្បីឱ្យពួកគេទទួលបានសិទ្ធិប្រើប្រាស់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ។ វិធីសាស្រ្តរបស់យើង គឺលើកកម្ពស់យុត្តិធម៌យេនឌ័រ ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ការកសាងសមត្ថភាព ដោយការស្រាវជ្រាវផ្អែកលើភស្តុតាង ការចូលរួមដោយផ្ទាល់ជាមួយភាគីពាក់ព័ន្ធ ការកសាងសម្ព័ន្ធភាព និងបណ្តាញទំនាក់ទំនង៕