ទិវាយុវជនពិភាក្សា ស្តីពីសមភាពយេនឌ័រ
ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងកិច្ចគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”
ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី ១០៨
មតិចូលរួមរបស់លោកស្រី លឹម សុលីន នាយិកា ប្រចាំប្រទេស អង្គការអុកស្វាម កម្ពុជា
សូមគោរពលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី
សូមគោរពលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ
សូមគោរព និងសូមជម្រាបសួរ ឯកឧត្តម លោកជំទាវ លោកលោកស្រី និងប្អូនៗសិក្សានុសិស្សជាទីគោរព
តាងនាមអង្គការអុកស្វាម នៅក្នុងប្រទេសកម្ពុជា នាងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមនៅក្នុង វេទិកាយុវជនជជែកពិភាក្សា ដើម្បីចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា លើកទី ១០៨ ឆ្នាំនេះ។
សូមថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ដែលបានរៀបចំកម្មវិធីជជែកពិភាក្សាដ៏មានសារសំខាន់នេះឡើង។ ប្រធានបទនាថ្ងៃនេះ មានសារសំខាន់ណាស់ ដោយមានការផ្សារភ្ជាប់ពីកិច្ចគាំពារសង្គម ទៅនឹងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងភ្ជាប់ទៅនឹងការលើកកម្ពស់គុណភាពមូលធនមនុស្ស។ ប្រធានបទទាំងនេះ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (គោលដៅទី១កាត់បន្ថយភាពក្រីក្រ គោលដៅទី៥កាត់បន្ថយវិសមភាពយេនឌ័រ គោលដៅទី១០កាត់បន្ថយគម្លាតសង្គម) នាងខ្ញុំសូមកោតសរសើរដល់ក្រសួងកិច្ចការនារី ដែលមានលោកជំទាវរដ្ឋមន្រ្តី ជាថ្នាក់ដឹកនាំ ក្នុងការគិតគូរយ៉ាងល្អិតល្អន់ទៅលើភាពពាក់ព័ន្ធ និងសារសំខាន់នៃប្រធានបទទាំង ៣ នេះ។
នាងខ្ញុំសូមយកឱកាសនេះកោតសរសើរដល់ប្អូនៗយុវជនយុវនារី ដែលបានចូលរួមជជែកពិភាក្សា ក្នុងប្រធានបទដ៏មានសារសំខាន់នេះ ព្រោះការចូលរួមរបស់ប្អូនៗនឹងជម្រុញឲ្យគោលនយោបាយ និងវិធានការនាៗនៃកិច្ចគាំពារសង្គមកិច្ចឲ្យមានភាពគ្រប់ជ្រោយ និងឆ្លើយតបទៅនឹងយេនឌ័រ និងបង្កើនមូលធនមនុស្ស ដែលមានគុណភាព។
កិច្ចគាំពារសង្គម គឺជាវិធានការណ៍ដ៏ចាំបាច់ ដែលគ្រប់ប្រទេសទាំងអស់ត្រូវតែមាន ដើម្បីធានាឲ្យបាននូវការកាត់បន្ថយភាពក្រីក្រ គម្លាតសង្គម បង្កើនសុខមាលភាពសង្គម និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កិច្ចគាំពារសង្គម គឺជាការគោលនយោបាយ កម្មវិធី និងវិធានការណ៍ ដែលគាំពារពលរដ្ឋពេញមួយជីវិតរបស់ពួកគេ ចាប់តាំងពីការមានកំណើត រហូតដល់ការបាត់បង់ជីវិត។ ប្រព័ន្ធកិច្ចគាំពារសង្គម អាចជួយដោះស្រាយភាពរងគ្រោះនានា ដែលអាចបណ្តាលមក ពីបញ្ហាវិបត្តិធ្ងន់ធ្ងរ ផ្នែកសេដ្ឋកិច្ច បរិដ្ឋាន និងសង្គមជាដើម។
ប្រទេសកម្ពុជា គឺជាប្រទេសគំរូមួយក្នុងការកាត់បន្ថយភាពក្រីក្រ ហើយអង្គការអុកស្វាមយកប្រទេសកម្ពុជា ជាប្រទេសគំរូក្នុងការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ ដោយបច្ចុប្បន្ននេះទៀតកម្ពុជាអាចនឹងបន្តរក្សាកំណើនសេដ្ឋកិច្ចបាន ៧% ដែលជាចំណុចគួរឲ្យកោតសរសើរខ្លាំងណាស់។ មានស្ថិតិជាច្រើនបានបង្ហាញថា ទោះបីជាកំណើនសេដ្ឋកិច្ចមានការរីកចម្រើននៅក្នុងទសវត្សកន្លងមក ប៉ុន្តែស្រ្តីភាគច្រើននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតែរស់នៅក្រោមខ្សែបន្ទាត់ ប្ញស្មើនឹងខ្សែបន្ទាត់នៃភាពក្រីក្រ ហើយពួកគេមានភាពងាយស្រួលនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រវិញ ដោយសារពួកគេមិនមានប្រាក់ចំណូលគ្រប់គ្រាន់ និងទៀងទាត់។
នាងខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ដែលបន្តជម្រុញក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម និងបេឡាជាតិរបបសន្តិសុខសង្គម ឆ្លើយតបទៅនឹងផលប្រយោជន៍ និងតម្រូវការរបស់កម្មករនិយោជិត ជាពិសេសស្ត្រីដែលកំពុងធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ទន្ទឹមនឹងនេះ នៅមានការងារជាច្រើនទៀត ដែលរាជរដ្ឋាភិបាល និងយើងទាំងអស់គ្នាត្រូវចូលរួមដោះស្រាយ ដើម្បីធានាថាគោលនយោបាយ និងវិធានការណ៍ទាំងនេះបានឆ្លើយតបទៅនឹងយេនឌ័រ និងតម្រូវការជាក់លាក់របស់ស្រ្តី និងក្រុមជនងាយរងគ្រោះ។ ហេតុដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ កម្មករនិយោជិត និងក្រុមយុវជន និងនិស្សិត ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីខ្លឹមសារ និងនិតិវិធីនានា និងផ្តល់ពត៌មានត្រឡប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យការអនុវត្តនៃក្របខ័ណ្ឌគោលនយោបាយជាតិទាំងមូលរឹតតែមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងប្រទេសកម្ពុជា ស្រ្តីបានចូលរួមយ៉ាងសកម្មលើគ្រប់វិស័យ ជាពិសេសស្រ្តីបានចូលរួមយ៉ាងលើកលុបលើវិស័យសេដ្ឋកិច្ចក្រៅប្រពន្ធ័។ ទន្ទឹមនេះ ស្រ្តីនៅទទួលនូវការរងគ្រោះ និងឧបសគ្គជាច្រើននៅឡើយ។ យោងតាមរបាយការណ៍មួយរបស់អង្គការពលកម្មអន្តរជាតិនាពេលថ្មីៗនេះ កម្ពុជា គឺជាប្រទេសមួយដែលមានកម្លាំងពលកម្មក្រៅប្រព័ន្ធច្រើនជាងគេបំផុតក្នុងតំបន់ ដែលមានចំនួនដល់ទៅ៩៣.១% (រាប់បញ្ចូលទាំងកម្មករធ្វើការក្នុងវិស័យកសិកម្ម)។ ជាងពាក់កណ្តាលនៃកម្មករទាំងនេះ គឺជាស្ត្រី។ កាន់តែជាក់លាក់ជាងនេះទៅទៀត គឺស្រ្តី ៧នាក់ក្នុងចំណាម ស្ត្រី១០នាក់ ប្រកបការងារដែលមានលក្ខណៈងាយរងគ្រោះ។
កាន់តែធ្ងន់ជាងនេះ ស្រ្តីក្នុងក្រុមអាយុ២៤ ដល់៣៥ ឆ្នាំ មានភាពងាយរងគ្រោះជាងបុរសនៅក្នុងភាពក្រីក្រខ្លាំង ដែលក្នុងវ័យនេះ ជាវ័យពេញកម្លាំងពលកម្ម និងវ័យបន្តពូជ ។ ស្រ្តីជាទូទៅ ទូទាំងពិភពលោក ទទួលបន្ទុកការងារថែទាំគ្រួសារ ដែលជាការងារគ្មានកម្រៃ។ ស្ត្រីចំណាយពេលជាមធ្យមពីរម៉ោងបន្ថែមទៀតក្នុងមួយថ្ងៃច្រើនជាងបុរស នៅក្នុងទំនួលខុសត្រូវថែទាំគ្រួសារ។ ទំនួលខុសត្រូវទាំងនេះ មានចាប់ពីការថែទាំកុមារតូចៗ ប្ញសាច់ញាតិ ដែលមានជំងឺ រហូតដល់ការទៅដងទឹក និងធ្វើម្ហូបអាហារសម្រាប់គ្រួសារ។ ចំនួនម៉ោងដែលស្ត្រីនៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់នៅក្នុងទំនួលខុសត្រូវថែទាំគ្រួសារ ដោយគ្មានប្រាក់ឈ្នួល ត្រូវការការស្រាវជ្រាវបន្ថែម ។
ដូច្នេះ ទោះបីជាយើងកាត់បន្ថយភាពក្រីក្របានជោគជ័យមែន ហើយកំណើនសេដ្ឋកិច្ចមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងទស្សវត្សន៍កន្លងមក បើសិនជាមិនមានគោលនយោបាយ និងកម្មវិធីកិច្ចគាំពារសង្គម ដែលមានប្រសិទ្ធភាពដែលផ្តល់ផលប្រយោជន៍ដល់ស្ត្រី និងកុមារី ជាពិសេសកម្មការក្រៅប្រព័ន្ធដែលមានរហូតដល់ ៩៣.១% នោះទេ នោះប្រទេសកម្ពុជានឹងមិនអាចទទួលភាពជោគជ័យ និងក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ទេ។
ហេតុអ្វីយើងត្រូវផ្តោតលើស្ត្រី និងកុមារី? មិនថាតែប្រទេសកម្ពុជាទេ ប្រទេសណាក៏ដោយមិនអាចដោះគន្លឹះបញ្ហាសេដ្ឋកិច្ចរបស់ខ្លួន ហើយក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ទេ បើសិនជាប្រទេសនោះមិនបានជម្រុញឲ្យកុមាររីបានចូលសាលាបាន១០០% និងស្ត្រីបានចូលរួមក្នុងកម្លាំងចលករសេដ្ឋកិច្ចជាតិ ហើយប្រព័ន្ធកិច្ចគាំពារសង្គមហ្នឹងបានទៅដល់ប្រជាជនទាំងអស់ កាលណាពួកគាត់ទទួលបានសេវាពេញលេញពីប្រព័ន្ធទាំងនេះ ពួកគាត់ដែលជាស្ត្រីដែលមានជាង ៥០% នឹងអាចជម្រុញសេដ្ឋកិច្ចជាតិ សម្រេចសុបិន្តកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។
បដិវត្តន៍នៃឧស្សាហកម្ម ៤.០ នឹងអាចប៉ះពាល់ដល់ស្រ្តីជាងច្រើនក្រុមផ្សេងទៀត ដោយសារប្រភេទការងារដែលស្រ្តីធ្វើ ឧទាហរណ៍ រោងចក្រកាត់ដេរ ដែលអាចត្រូវបានជំនួសដោយគ្រឿងយន្តទំនើប ហើយស្ត្រីមិនទាន់មានជំនាញកម្រិតខ្ពស់ ដែលអាចឈានទៅការងារថ្មីទាន់ពេលវេលា។
ដូចនេះជាការចាំបាច់ដែលត្រូវបង្កើនការវិនិយោគសម្រាប់ស្រ្តី ទាំងការអប់រំចំណេះដឹង និងជំនាញវិជ្ជាជីវៈ ក៏ដូចជាការទទួលបាននូវសេវាថែទាំសុខភាព ប្រកបដោយគុណភាព ដើម្បីឲ្យពួកគេអាចចូលរួមក្នុងយ៉ាងសកម្មនៅក្នុងការងារដែលមានសុវតិ្តភាព និងថ្លៃថ្នូរ។
ការទទួលស្គាល់ការងារថែទាំគ្រួសារ និងបង្កើនការវិនិយោគទៅលើសេវាថែទាំគ្រួសារ គឹមានសារសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ លើកកម្ពស់ភាពអង់អាចរបស់ស្រ្តី និងការអភិវឌ្ឍសេដ្ឋកិច្ច។ ការសិក្សាថ្មីមួយបានរកឃើញថា ប្រាក់១ដុល្លារ នៃថវិកាសាធារណៈដែលវិនិយោគក្នុងវិស័យសេវាថែទាំគ្រួសារ អាចបង្កើតការងារបាន២.៥ដង ច្រើនជាងប្រាក់១ដុល្លារ ដែលវិនិយោគក្នុងឧស្សាហកម្មសំណង់។ ប្រសិន បើសេវាថែទាំគ្រួសារ ត្រូវបានចែករំលែក ប្ញកាត់បន្ថយពីបន្ទុករបស់គ្រួសារ ទៅជាការទទួលខុសត្រូវរបស់សហគមន៍ និងរដ្ឋ កាត់បន្ថយពីបន្ទុកការងាររបស់ស្រ្តី ទៅជាការទទួលខុសត្រូវទាំងបុរសទាំងស្រ្តី នឹងធ្វើឲ្យស្រ្តីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ចូលរួមយ៉ាងពេញសមត្ថភាពទៅក្នុងទីផ្សារពលកម្ម មានចំណូលសមស្រប មានការងារថ្លៃថ្នូរ ក៏ដូចជាការផ្លាស់ប្តូរតួរនាទីយេនឌ័រនៅក្នុងគ្រួសារ និងក្នុងសង្គម។ ម្យ៉ាងទៀត សេវាថែទាំគ្រួសារ អាចបង្កើតការងារបានយ៉ាងច្រើន ផងដែរ។
អង្គការអុកស្វាម សូមអំពាវនាវដល់ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍនានាដែលពាក់ព័ន្ធទាំងអស់ បន្តពង្រឹង និងពង្រីកការវិនិយោគ និងកំណត់ថវិកាសាធារណៈ ដែលវិនិយោគទៅលើកិច្ចគាំពារសង្គម ដែលផ្តោតជាពិសេសលើស្ត្រី និងកុមារ។
អង្គការអុកស្វាម និងបន្តសហការ និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែក ធ្វើឲ្យការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឲ្យរឹតតែមានភាពប្រសើរឡើង។
ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់គណអធិបតី ប្អូនៗនិស្សិត និងអ្នកចូលរួមទាំងអស់ ឲ្យទទួលបាននូវផ្លៃផ្កាល្អក្នុងការជជែកពិភាក្សាដ៏មានសារសំខាន់នេះ និងសូមមានសុខភាពល្អ និងជោគ ជ័យក្នុងការងារ។