សេចក្តីស្រឡាញ់មិនស្គាល់ព្រំដែន ឬយេនឌ័រទេ។ ខាងក្រោមនេះជារឿងខ្លះអំពីអ្នកស្រឡាញ់គ្នាមួយចំនួនដែលអង្គការ CamASEAN ជាដៃគូមួយរបស់អង្គការអុកស្វាម បានចងក្រងជាឯកសារ។ ដៃគូជាង១០០គូ បានបើកទ្វារស្វាគមន៍ឱ្យមានការចូលជួបដើម្បីកត់ត្រាសាច់រឿងរបស់ពួកគេសម្រាប់យកមករៀបចំធ្វើពិព័រណ៌រូបថតមួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការស្រឡាញ់ភេទដូចគ្នា និងកាត់បន្ថយការរើសអើង។
ឈឹម ស៊ីមុំ និង ឈុន ម៉ុន
ស៊ីម៉ុម ធ្លាប់ធ្វើជាអ្នកបើកបរតាក់ស៊ីនៅពេលដែលគាត់ គ្រាមួយនោះ ស្រាប់តែបាក់ចិត្តស្លុងស្រឡាញ់ ឈុន ម៉ុន តែម្តង។ អស់រយៈពេល ៣៧ឆ្នាំហើយ ដែលអ្នកទាំងពីរបានរស់នៅជាមួយគ្នា ដោយជួនកាលប្រកបមុខរបរជាកម្មករសំណង់ ជាកម្មកររោងចក្រ ជាកសិករ និងជាអ្នកបើករ៉ឺម៉ក។ បច្ចុប្បន្ន អ្នកទាំងពីរបើកហាងលក់គ្រឿងទេសមួយនៅក្នុងខេត្តតាកែវ ហើយចិញ្ចឹមកូនពីរនាក់។ កូនមួយជាកូនស្រីដែល ឈុន ម៉ុន មានកាលពីចំណងស្នេហាពីមុន ហើយកូនមួយទៀតជាកូនប្រុសដែលអ្នកទាំងពីរសុំគេយកមកចិញ្ចឹម។
ស៊ិង សុផាណា និង ផេង សាញ
សុផាណា និង សាញ ជួបគ្នាតាមហ្វេសប៊ុក ហើយក្រោយមកកាន់តែស្គាល់គ្នាខ្លាំងឡើងតាមរយៈការឆ្លើយឆ្លងសារគ្នា។ ពីរឆ្នាំក្រោយមកទៀត ពួកគេសម្រេចចិត្តថាត្រូវជួបមុខគ្នាផ្ទាល់ ហើយតាំងពីពេលនោះមកអ្វីៗទៀតគ្រាន់តែជារឿងអតីតកាលប៉ុណ្ណោះ។ បច្ចុប្បន្ន សុផាណា ជាអ្នកឌីហ្សាញម៉ូត រីឯ សាញ ជាសកម្មជនសិទ្ធិមនុស្ស ជាអ្នកលក់សំលៀកបំពាក់សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា និងជាបុគ្គលិកកិច្ចការសង្គមសម្រាប់ក្រុមប្រឹក្សាឃុំដែរ។ ពួកគាត់ទាំងពីរចូលចិត្តធ្វើដំណើរ និងចំណាយពេលនៅជាមួយគ្នាណាស់។
ហួរ និង ជែកគី លី
ជែកគី និងអ្នកស្រី ហួរ ជួបគ្នាតាមបណ្តាញផ្សព្វផ្សាយសង្គម រឿងរ៉ាវស្នេហារបស់ពួកគាត់ គឺពិតជារឿងមួយល្បីសុះសាយទូទាំងសាកលលោក។ ជែកគី ធ្វើការនៅក្នុងហាងធ្វើនំមួយនៅសហរដ្ឋអាមេរិក ហើយ ហួរ ក្រោយមកបានទៅរួមរស់នៅជាមួយគាត់ ក្រោយពីអ្នកទាំងពីរបានរៀបការនៅខែកុម្ភៈ ឆ្នាំ២០១៧។ ពួកគាត់ធ្វើពិធីរៀបអាពាហ៍ពិពាហ៍ដល់ទៅពីរដង គឺម្តងជាពិធីបែបប្រពៃណីនៅក្នុងប្រទេសកម្ពុជា ហើយក្រោយមកពិធីផ្លូវការមួយទៀតនៅសហរដ្ឋអាមេរិក។ រូបថតនេះ បង្ហាញពីគូស្នេហ៍ ក្នុងទឹកមុខរីករាយនៅថ្ងៃមង្គលការតាមបែបប្រពៃណី។ ពួកគាត់រំភើបក្នុងចិត្តខ្លាំងណាស់ដោយមានវត្តមានរបស់ឪពុកម្តាយ ញាតិសន្តាន អ្នកជិតខាង និងមិត្តមកពីទាំងសងខាងមកចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍របស់ពួកគាត់។
ស៊ុន ឡូន និង ទៀង សុខហៀង
ស៊ុន ឡូន និង ទៀង សុខហៀង ដែលទាំងពីរនាក់មានអាយុជាង ៥០ឆ្នាំ ពួកគេបានរស់នៅជាមួយគ្នាអស់រយៈពេល ៣១ឆ្នាំមកហើយនៅក្នុងភូមិស្ទង់ ខេត្តត្បូងឃ្មុំ។ ពួកគាត់លក់នំផ្អែម ដោយដឹកតាមកង់ លក់តាមភូមិ ដើម្បីលក់ឱ្យបានច្រើន។ នៅពេលដែល សុងហៀង ជួប ស៊ុន ឡូន ជាលើកដំបូង នាងមិនសូវទុកចិត្តគាត់ទេ ហើយក៏មិនអនុញ្ញាតឱ្យគាត់ទៅសួរសុខទុក្ខនាងដល់ផ្ទះដែរ។ ប៉ុន្តែ គុណសម្បត្តិរបស់ ស៊ុន ឡូន គឺនៅត្រង់ថាគាត់ពូកែអត់ធ្មត់ ហើយបន្តិចម្តងៗ គាត់ក៏ទទួលបានការទុកចិត្តពីសុខហៀង។
យឺន ធី និង ណាវី
យើន ធី មានអាយុ ៥៨ឆ្នាំ រីឯណាវី មានអាយុ ៦២ឆ្នាំ។ ទាំងពីរនាក់បានរស់នៅជាមួយគ្នាអស់ពេល ២៦ឆ្នាំមកហើយ។ ធី ជាអ្នកបើកម៉ូតូឌុប ហើយ ណាវី លក់សំលៀកបំពាក់។ ណាវី ធ្លាប់ធ្វើការនៅកន្លែងមួយទល់មុខនឹងក្រុមហ៊ុនមួយដែល ធី ធ្លាប់ធ្វើការដែរ ហើយតាមរយៈនេះហើយទើបអ្នកទាំងពីរចាប់ផ្តើមជួបគ្នា។ អ្នកទាំងពីរចិញ្ចឹមកូនបីនាក់ ដែលណាវីមានពីមុន។
យ៉ូកូ មាន និង យ៉ូកូ ហ្សាណា
ទោះហ្សាណារស់នៅក្នុងប្រទេសកម្ពុជា ហើយ មាន រស់នៅសហរដ្ឋអាមេរិកក៏ដោយ ក៏គេទាំងពីរនាក់តែងតែសាសងគ្នាជាទៀងទាត់នៅលើហ្វេសប៊ុក។ ថ្ងៃមួយ មាន បានមកលេងប្រទេសកម្ពុជា ហើយបានធ្វើឲ្យ ហ្សាណា មានការភ្ញាក់ផ្អើល មិនយូរប៉ុន្មានអ្នកទាំងពីរក៏ណាត់ជួបគ្នាចេញដើរលេងកសាងទំនាក់ទំនងស្នហា។ ម្តាយរបស់ ហ្សាណា មិនសូវជាសប្បាយចិត្តទេជាមួយទំនាក់ទំនងរវាងអ្នកទាំងពីរនៅក្នុងរយៈពេលពីរឆ្នាំដំបូង ដូច្នេះពួកគេប្រឹងតស៊ូជម្នះខ្លាំងណាស់។ យ៉ាងណាក៏ដោយ សេចក្តីស្នេហារបស់គេនៅរស់រានមានជីវិត ហើយពួកគេក៏នៅតែបន្តណាត់ជួបសាសងគ្នា មិនថានៅឆ្ងាយពីគ្នា និងមានឧបសគ្គរារាំងឡើយ។ យ៉ូកូ មាន ធ្វើការនៅអាកាសយានដ្ឋាន ហើយ ហ្សាណា កំពុងរៀនដើម្បីរកការងារធ្វើនៅសហរដ្ឋអាមេរិក ដែលអ្នកទាំងពីរកំពុងរស់នៅជាមួយគ្នា។ ហ្សាណា មានក្តីរំភើបក្រៃលែងដោយបានភ្ជាប់ពាក្យ ហើយរៀបការជាមួយគូសំណព្វចិត្តរបស់ខ្លួន!
យើងសូមថ្លែងអំណរគុណជាអនេកដល់គូស្នេហាទាំងអស់ ដែលមានមោទនភាពឱ្យយើងបានថតរូប និងចែករំលែករឿងរ៉ាវដោយឥតលាក់លៀម។