មិត្តជាទីរាប់អាន!
តាងនាមឱ្យអង្គការអុកស្វាម ខ្ញុំសូមជូនពរសម្តេច លោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា និងក្រុមគ្រួសារទាំងអស់ទទួលបាននូវពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ និងជោគជ័យ ក្នុង ឆ្នាំថ្មី ឆ្នាំ២០១៩ នេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកដែលអ្នកបានអានការចេញផ្សាយជាលើកដំបូងរបស់ “ពីនេះពីនោះ” និងចំពោះការផ្តល់មកវិញនូវមតិតប ដែលមានអត្ថន័យស្ថាបនា និងលើកទឹកចិត្ត!
ឆ្នាំ២០១៩ គឺជាខួបលើកទី៤០ នៃការបញ្ចប់នៃរបបខ្មែរក្រហមដែលបង្កការស្លាប់ និងការកាប់សម្លាប់រង្គាល ដោយបន្សល់ទុកស្នាមរបួសជាអចិន្រ្តៃយ៍ និងភាពតក់ស្លុតយ៉ាងជ្រាលជ្រៅ ប៉ះពាល់ដល់ស្មារតីរបស់ប្រជាជនរាប់លាននាក់នៅក្នុងប្រទេសកម្ពុជា។ ឆ្នាំនេះក៏ជាខួប៤០ឆ្នាំផងដែរ សម្រាប់អង្គការអុកស្វាម ចាប់តាំងពីពេលដែលអង្គការនេះផ្តើមធ្វើអន្តរាគមន៍ផ្នែកមនុស្សធម៌ដំបូងរបស់ខ្លួននៅក្នុងប្រទេសនេះ រួមគ្នាជាមួយភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិផ្សេងទៀត។
នៅឆ្នាំ១៩៧៩ អង្គការអុកស្វាមបានធ្វើការអំពាវនាវជាលើកដំបូងរកប្រាក់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនផោន ហើយក្នុងរយៈពេលបីខែប៉ុណ្ណោះ អុកស្វាមបានរៃអង្គាសរហូតដល់ទៅ ៣លានផោន សម្រាប់យកមក “ផ្តត់ផ្គង់ស្បៀងអាហារដល់កម្ពុជា”។ Blue Peter ជាកម្មវិធីទូរទស្សន៍ពេញនិយមមួយសម្រាប់កុមារនៅចក្រភពអង់គ្លេស បានធ្វើការចាក់ផ្សាយអំពីយុទ្ធនាការកៀងគរមូលនិធិនេះឱ្យទៅដល់ទស្សនិកជនវ័យក្មេងរាប់លាននាក់របស់ខ្លួន។ នៅពេលដែលអានអត្ថបទកាសែតមួយអំពីយុទ្ធនាការនេះ រូបខ្ញុំមានក្តីរំភើបក្រៃលែងនៅពេលដែលបានដឹងតាមរយៈអត្ថបទនោះថា ក្មេងស្រីម្នាក់អាយុ៤ឆ្នាំ សុខចិត្តលក់វត្ថុលេងដ៏ស្អាតរបស់ខ្លួន ដើម្បីយកប្រាក់មកធ្វើវិភាគទានសម្រាប់ទិញអាហារឱ្យក្មេងៗកម្ពុជាជាច្រើននាក់ដែលកំពុងតែរស់ក្នុងភាពស្រេកឃ្លានដូចរូបខ្ញុំដែរ។ ពេលនោះ មានមនុស្សចម្លែកវ័យក្មេងច្រើននាក់ណាស់ដែលបានបើកបេះដូងរបស់ខ្លួន ធ្វើទានសប្បុរសដល់ពួកយើង។ រូបខ្ញុំស្ថិតនៅក្នុងចំណោមក្មេងៗកម្ពុជា ដែលកុមារីអង់គ្លេសរូបនោះមិនបានស្គាល់ទេ ប៉ុន្តែចង់ជួយ។ ម្តាយរបស់ខ្ញុំត្រូវទៅដក់ស្ទូងនៅវាលស្រែ។ ជីដូនរបស់ខ្ញុំចិញ្ចឹមខ្ញុំដោយ ទឹកដែលរំងាស់ពីអង្ក្រងជំនួសឲ្យទឹកដោះ។ នៅពេលដែលខ្ញុំចាប់ផ្តើមធ្វើការនៅអុកស្វាម ខ្ញុំបានស្រាវជ្រាវរករូបថត និងឯកសារចាស់ៗអំពីជំនាន់នោះយកមកមើល ដើម្បីឈ្វេងយល់ថាតើរូបខ្ញុំចេញពីប្រភពណាមក។ ខ្ញុំបានប្រទះឃើញរូបថត និង វីដេអូជាច្រើន ដែលនាំមកនូវអារម្មណ៍ច្របូកច្របល់ដល់រូបខ្ញុំក្នុងនាមជាជនកម្ពុជាមួយរូប ដែលធំដឹងក្តីនៅក្នុងជំនាន់នោះ។ កម្ពុជាបានឆ្លងកាត់រឿងរ៉ាវយ៉ាងច្រើន ប៉ុន្តែប្រទេសនេះនៅមានដំណើរដ៏វែងឆ្ងាយទៀត ដើម្បីទៅដល់គោលដៅដែលខ្លួនសក្តិសមនឹងទៅដល់។
ពេលខ្ញុំជជែកជាមួយបុគ្គលិកអុកស្វាមទាំងខ្មែរ និងបរទេសដែលគាត់ធ្វើការនៅកំឡុងឆ្នាំ ៧០ និង៨០ ខ្ញុំភ្ញាក់ផ្អើលនឹងអ្វីដែលពួកគាត់បានលើកឡើង ហើយនៅតែជាការពិតរហូតមកដល់សព្វថ្ងៃនេះ ដែលថា៖ ភាគីអភិវឌ្ឍពាក់ព័ន្ធទាំងអស់ និងរាជរដ្ឋាភិបាល ត្រូវតែខិតខំធ្វើការជាមួយគ្នា និងអត់អោនឲ្យគ្នាទៅវិញទៅមក ដើម្បីកសាងទំនុកចិត្តរវាងគ្នានិងគ្នាបន្តិចម្តងៗ។ ភាពក្រីក្រមានលក្ខណៈស្មុគស្មាញណាស់។ ភាពជាដៃគូពិតប្រាកដ និងការប្តេជ្ញាចិត្ត គឺជាភាពចាំបាច់ខ្វះមិនបាន ដើម្បីឈានទៅលុបបំបាត់ភាពក្រីក្រ។
ខ្ញុំសង្ឃឹមជឿជាក់ថា ឆ្នាំ២០១៩ នឹងក្លាយជាឆ្នាំដែលនាំមកនូវការយល់គ្នាទៅវិញទៅមកកាន់តែប្រសើរ និងភាពជាដៃគូកាន់តែប្រកបដោយអត្ថន័យនៅក្នុងចំណោមតួអង្គទាំងអស់ ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗទៀតរបស់កម្ពុជា។
នៅទីបញ្ចប់ យើងខ្ញុំនៅតែចង់បានមតិពីអ្នកទាំងអស់គ្នា! ដូច្នេះ សូមផ្ញើមកយើងនូវអត្ថាធិប្បាយ ឬអត្ថបទបញ្ចេញយោបល់របស់អ្នកទៅកាន់អ៊ីមែល PineehPinooh.Cambodia@oxfam.org ហើយអត្ថបទណាដែលគួរឱ្យចាប់អារម្មណ៍ជាងគេនឹងត្រូវបានយកទៅចុះផ្សាយលើទំព័រ ទស្សនៈវិស័យ របស់យើង!
ខ្ញុំសង្ឃឹមថាលោកអ្នករីករាយជាមួយ “ពីនេះពីនោះ”!
សូមជូនពរបវរប្រសើរ និងរីករាយឆ្នាំថ្មី!
សូលីន