លោកស្រី គង់ សុភិន អនុប្រធាននៃសហករណ៍កសិកម្មរណសិរ្សព្រះខ័នអភិវ៉ាត់ (AC Ronakse) និយាយថា “ឈ្មួញកណ្តាលដែលមកទិញស្រូវធ្លាប់ជាអ្នកកំណត់តម្លៃស្រូវ ហើយយើងមិនអាចតវ៉ាបានឡើយ”។ លោកស្រីបានបន្តប្រាប់ទៅក្រុមអ្នកទស្សនកិច្ចសិក្សា ចំនួន២៦នាក់ មកពីកម្មវិធីលើកកម្ពស់យេនឌ័រ និងធុរកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យកសិកម្មនៅតំបន់អាស៊ីអាគ្នេយ៍ (GRAISEA 2) ជាមួយនឹងស្នាមញញឹមថា “ប៉ុន្តែវានឹងមិនមែនដូច្នេះទៀតទេ”។
ក្រុមអ្នកទស្សនកិច្ចសិក្សា រួមមានក្រុមការងារដៃគូ ក្រុមអ្នកគ្រប់គ្រង និងម្ចាស់ជំនួយនៃគម្រោង GRAISEA 2 បានធ្វើដំណើរទៅភូមិតាសេង ក្នុងឃុំរណសិរ្ស នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីជួបជាមួយប្រជាកសិករ២០នាក់ និងសមាជិកគណៈកម្មាធិការសហករណ៍កសិកម្ម (AC) ចំនួនបីកន្លែង ដែលគាំទ្រដោយកម្មវិធី GRAISEA 2 នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ក្នុងរយៈពេល២ម៉ោងនៃការពិភាក្សាផ្លាស់ប្តូរព័ត៌មាន ប្រជាពលរដ្ឋដែលយើងធ្វើការជាមួយ បានចែក រំលែកព័ត៌មានជាច្រើន រាប់ចាប់ពីបញ្ហាពាក់ព័ន្ធនឹងភាពជាសមាជិកស្រ្តីនៃសហគមន៍កសិកម្ម (AC) រហូតដល់អត្ថប្រយោជន៍នៃការដាំដុះស្រូវតាមបែបធម្មជាតិ។
អ្វីដែលលេចធ្លោនោះ គឺភាពប្រសើរឡើងនៃជីវភាពរស់នៅ និងអំណាចរបស់ពួកគេក្នុងទីផ្សារ នៅពេលដែលពួកគេបានធ្វើកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនដែលព្យាយាមលើកកម្ពស់បរិយាប័ន្ន។ មុនពេលទទួលបានការគាំទ្រពីកម្មវិធី GRAISEA ក្នុងប្រទេសកម្ពុជា សហករណ៍កសិកម្មទាំងបីកន្លែងនេះ បានលក់ស្រូវធម្មជាតិទៅឱ្យឈ្មួញកណ្តាល ដែលជាអ្នកកំណត់តម្លៃស្រូវរបស់ពួកគេ ហើយជាធម្មតាទទួលបានតម្លៃទាប។
នៅក្នុងឆ្នាំ២០១៧ ដោយមានការគាំទ្រពីអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព ដែលជាដៃគូអនុវត្តរបស់ GRAISEA សហគមន៍កសិកម្មទាំងបីបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាក្រុមហ៊ុនកិន និងនាំចេញស្រូវឈានមុខគេក្នុងប្រទេសកម្ពុជា។ ជាលើកដំបូង កសិករតាមរយៈការដឹកនាំរបស់សហគមន៍កសិកម្ម អាចចរចាតម្លៃ និងល័ក្ខខ័ណ្ឌនៅក្នុងកិច្ចសន្យា ហើយប្រសិនបើមានការបញ្ជាក់ត្រឹមត្រូវថាជាស្រូវសរីរាង្គ នោះស្រូវរបស់ពួកគេអាចទទួលបានតម្លៃខ្ពស់ ដែលបង្កើនប្រាក់ចំណូលពី ១០% ទៅ ៣០%។
ខណៈពេលដែលកសិករបានសម្តែងការពេញចិត្តចំពោះតម្លៃដែលបានចរចា ការអនុវត្តកិច្ចសន្យានៅមានបញ្ហាខ្លះៗ។ កត្តាជាច្រើនរួមមានល័ក្ខខ័ណ្ឌអាកាសធាតុមិនអំណោយផល និងកង្វះហេដ្ឋារចនាសម្ព័ន្ធសមរម្យ បានរារាំងលទ្ធភាពរបស់កសិករក្នុងការសម្រេចបានទាំងបរិមាណ និងគុណភាព ដែលបានកំណត់នៅក្នុងកិច្ចសន្យា។ ចំណែកឯការទូទាត់យឺតពីក្រុមហ៊ុន ក៏មានផលប៉ះពាល់ដល់លំហូរថវិកា និងទំនុកចិត្តរបស់កសិករផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំសហករណ៍កសិកម្មជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងតាមកិច្ចសន្យាជាមួយក្រុមហ៊ុនដោយផ្អែកលើជំនឿទុកចិត្ត និងការប្តេជ្ញាចិត្ត នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងរយៈពេលវែង៕