កាលពីពាក់កណ្តាលខែតុលានេះ អង្គការអុកស្វាម និងដៃគូបានរៀបចំដំណើរទស្សនកិច្ចសម្រាប់អ្នកកាសែតពីប្រទេសបែលហ្ស៊ិក។ ពួកគេបានជួបជាមួយកម្មករក្រៅប្រព័ន្ធ ដែលទទូចសុំឱ្យមានកិច្ចគាំពារសង្គមឱ្យបានប្រសើរជាងមុន។ ទស្សនកិច្ចនេះ គឺដើម្បីផ្សព្វផ្សាយ និងស្វែងរកមូលនិធិ ដើម្បីជួយដល់ការងារកិច្ចគាំពារសង្គមប្រកបដោយបរិយាប័ន្ន នៅក្នុងប្រទេសកម្ពុជា។
លោក Nicolas Van Nuffel ប្រធានគម្រោងរបស់មជ្ឈមណ្ឌលជាតិសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ (CNCD) ដែលបានអមដំណើរក្រុមអ្នកសារព័ត៌មានបាននិយាយថា ដំណើរទស្សនកិច្ចប្រចាំឆ្នាំមកកម្ពុជានេះ គឺជាឱកាសសំខាន់ក្នុងការជួបប្រជាពលរដ្ឋ និងដៃគូសហការនៅថ្នាក់មូលដ្ឋាន មិនមែនត្រឹមតែអង្គការអុកស្វាមនោះទេ ប៉ុន្តែអង្គការដទៃទៀតដែលទទួលបានមូនិធិពី CNCD និងកំពុងធ្វើការលើវិស័យកសិកម្ម សន្តិសុខស្បៀង និងបរិស្ថានប្រកបដោយចីរភាពផងដែរ។
ក្រុមអ្នកសារព័ត៌មានដែលមកទស្សនកិច្ចនេះមកពីស្ថានីយវិទ្យុ ទូរទស្សន៍ជាតិ និងកាសែត Le Soir និង L’Avenir នៅប្រទេសបែលហ្ស៊ិក។ ក្នុងដំណើរទស្សនកិច្ចចំនួនពីរថ្ងៃនេះ ពួកគេបានជួបជាមួយអ្នកគ្រប់គ្រងរោងចក្រកាត់ដេរនៅខ័ណ្ឌចោមចៅ កម្មករកាត់ដេរដែលកំពុងធ្វើការងារក្នុងរោងចក្រ និងនៅផ្ទះជួល សហជីព អ្នកប្រកបរបរសេវាកម្សាន្ត អ្នករត់តុក តុក ក្រុមការងាររបស់ក្រុមប្រឹក្សាជាតិដើម្បីកិច្ចគាំពារសង្គមនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
លោក Nicolas និយាយថា “ខ្ញុំមានអារម្មណ៍ច្របូកច្របល់នៅពេលដែលបានឃើញស្ថានភាពរស់នៅរបស់កម្មករនៅក្នុងក្រុងភ្នំពេញ។ អ្នកផលិតសំលៀកបំពាក់ដែលយើងកំពុងពាក់នៅអឺរ៉ុប កំពុងរស់ក្នុងសភាពតោកយ៉ាក ប៉ុន្តែជាមួយនឹងការខិតខំប្រឹងប្រែងរបស់អង្គការអុកស្វាម ដៃគូសហការ សហជីព និងអ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងស្រុកបានផ្តល់ក្តីសង្ឃឹមដល់ខ្ញុំ ពីព្រោះខ្ញុំគិតថាការធ្វើការងារជាមួយប្រជាជន និងគាំទ្រពួកគេឱ្យចេះរៀបចំជាក្រុម គឺជាវិធីសាស្រ្តដ៏ល្អបំផុតដើម្បីផ្លាស់ប្តូរស្ថានការណ៍ និងសម្រេចបានលទ្ធផលជាដុំកំភួនក្នុងរយៈយូរអង្វែង។ វាអាចប្រើពេលវេលាយូរបន្តិច ប៉ុន្តែខ្ញុំគិតថាយើងកំពុងដើរលើគន្លងដែលត្រឹមត្រូវ” ។
អង្គការអុកស្វាម និងដៃគូបាននឹងកំពុងអនុវត្តកម្មវិធីកិច្ចគាំពារសង្គមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ន យើងធ្វើការក្នុង ខេត្ត-ក្រុងចំនួន ១៥ ទូទាំងប្រទេសកម្ពុជា។
លោកស្រី សុខ ច័ន្ទឆវី ប្រធានគ្រប់គ្រងកម្មវិធីរបស់អង្គការអុកស្វាម មានប្រសាសន៍ថា «អង្គការអុកស្វាម និងដៃគូនឹងបន្តសហប្រតិបត្តិការ និងជួយជម្រុញ និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាឱ្យបន្តគាំទ្រ និងពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គមដល់កម្មករក្រៅប្រព័ន្ធឱ្យបានគ្រប់វិស័យ។»៕
អ្នកស្រី ស សារ៉ា កំពុងបោកគក់សំលៀកបំពាក់នៅមុខផ្ទះ។ អ្នកស្រីជាកម្មករកាត់ដេរតាមផ្ទះ។ អ្នកស្រីនិយាយថា “ខ្ញុំចង់ធ្វើការពេញម៉ោង ទើបខ្ញុំអាចមានចំណូលច្រើនជាងនេះ ប៉ុន្តែខ្ញុំមិនអាច ដោយសារខ្ញុំអត់មានអត្តសញ្ញាណប័ណ្ណ។”
Nicolas Van Nuffel ប្រធានផ្នែកគម្រោងរបស់មជ្ឈមណ្ឌលជាតិសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ (CNCD) កំពុងផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមកពី L’Avenir ។
អាជីវកររត់តុក-តុក ចែករំលែកអំពីបញ្ហាប្រឈមដែលពួកគេបានជួបប្រទះនៅក្នុងការងារ ខណៈដែលមានការប្រកួតប្រជែងជាច្រើនក្នុងទីផ្សារ។ សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួយពួកគេឲ្យទទួលបានប័ណ្ណសមធម៌សុខភាព ប៉ុន្តែពួកគេទទួលរងការរើសអើងនៅពេលទៅទទួលសេវាសុខាភិបាល។
បទសម្ភាសន៍ជាមួយគ្រួសារ ដែលម្តាយ (ស្ត្រីពាក់អាវសកំពុងយោលកូន) ឈប់ពីការងារមុនពេលសម្រាលកូន។ ពេលនេះ ទារកមានអាយុ ៨ ខែហើយ។ អ៊ំស្រីអង្គុយក្បែរនោះ គឺជាម្តាយមីងរបស់នាង។ អ្នកទាំងពីរមិនទាន់អាចទៅធ្វើការងារបាននៅឡើយទេ ដោយសារពួកគេត្រូវនៅមើលថែទាំទារក និងក្មេងដទៃទៀតដែលរស់នៅក្នុងផ្ទះជាមួយគ្នា។
ដំណើរទស្សនកិច្ចបានបញ្ចប់ បន្ទាប់ពីជំនួបប្រជុំជាមួយក្រុមការងាររបស់ក្រុមប្រឹក្សាជាតិដើម្បីកិច្ចគាំពារសង្គមនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។