បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដែលបានរួមចំណែកយ៉ាង សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនេះ ក៏នាំមកនូវបញ្ហាប្រឈមដល់សង្គមសេដ្ឋកិច្ចផងដែរ។ ទោះបីជាភាពក្រីក្របានថយចុះក៏ដោយ ក៏បញ្ហាសំខាន់បីពាក់ព័ន្ធទៅនឹងការកាត់បន្ថយវិសមភាពរួមមាន ការចំណាយទៅលើបញ្ហាសង្គម ពន្ធ និងសិទ្ធិការងារ នៅតែជាបញ្ហាប្រឈមដែលទាមទារឲ្យមានដំណោះស្រាយ។ ដោយសារកំនើនវិសមភាព និងវិបត្តិហិរញ្ញវត្ថុនៅកើតមានជាបន្តបន្ទាប់ ប្រព័ន្ធហិរញ្ញវត្ថុ និងគំរូនៃកំណើនសេដ្ឋកិច្ចបច្ចុប្បន្នមិនទាន់បានឆ្លើយតបតាមតម្រូវការសេដ្ឋកិច្ច និងសង្គមទាំងមូលនៅឡើយនោះទេ។
ក្នុងបរិបទនេះ ធនាគារដើរតួនាទីយ៉ាងសំខាន់ សម្រាប់សេដ្ឋកិច្ច ដែលមានបរិយាប័ន្ន និងប្រកបដោយចីរភាព មិនត្រឹមតែក្នុងវិស័យបរិស្ថាន និងសង្គម។ ដំណោះស្រាយដែលសមស្រប និងមានប្រសិទ្ធិភាព គឺល័ក្ខខ័ណ្ឌមួយដែលប្រកបដោយបរិយាប័ន្ន សម្រាប់បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដោយរួមបញ្ចូលនូវការវិនិយោគប្រកបដោយចីរភាព និងទំនួលខុសត្រូវ។ យុទ្ធសាស្រ្តវិនិយោគដែលមានបញ្ចូលបទដ្ឋានបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងអាជីវកម្ម អាចផ្តល់ផលប្រយោជន៍ដល់អ្នកវិនិយោគ និងសង្គមទាំងមូល។
សមាគមធនាគារនៅកម្ពុជា ដែលមានគោលដៅការពារអនាគតរបស់ប្រទេសកម្ពុជា បានផ្តួចផ្តើមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា ក្នុងខែមីនា ឆ្នាំ២០១៩។ គោលការណ៍នេះ ត្រូវបានបង្កើតឡើងជាមួយនឹងការប្តេជ្ញាចិត្តក្នុងការការពារបរិស្ថាន និងប្រជាពលរដ្ឋ និងអភិរក្សបេតិកភណ្ឌវប្បធម៌ តាមរយៈការវាយតម្លៃ គ្រប់គ្រង កាត់បន្ថយ ទូទាត់ និងបញ្ជៀសហានិភ័យ និងផលប៉ះពាល់អវិជ្ជមានយ៉ាងសកម្ម ដែលអាចកើតឡើងពីសកម្មភាពអាជីវកម្មរបស់អតិថិជន បទដ្ឋាន ឬការអនុវត្ត។
Fair Finance Cambodia Coalition ជាពិសេសអង្គការអុកស្វាម និងតម្លាភាពអន្តរជាតិកម្ពុជាដែលជាសមាជិក បានសហការជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាស្តីពីរបាយការណ៍និរន្តរភាព ក្នុងរយៈពេលពីរថ្ងៃ នៅពាក់កណ្តាលខែតុលា សម្រាប់សមាជិករបស់សមាគមធនាគារនៅកម្ពុជា។ អ្នកជំនាញ និងវាគ្មិនជាច្រើន មានមកពីក្រសួងបរិស្ថាន ធនាគារជាតិកម្ពុជា Deloitte Myanmar, Liberty Shared, H&M Cambodia, អេស៊ីលីដា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
លោក Biju Abraham ប្រធានកម្មវិធីអង្គការអុកស្វាម បានថ្លែងក្នុងសុន្ទរកថាថា “ចលនានៃហិរញ្ញវត្ថុប្រកបដោយចីរភាពនេះ រួមចំណែកដល់ផែនការដែលអាចនឹងបង្កើតឡើង និងបទពិសោធន៍ល្អៗ ដែលអាចចែករំលែកឲ្យគ្នាទៅវិញទៅមក។ ការកំណត់ឱកាសសម្រាប់រៀនសូត្រ និងកិច្ចសហប្រតិបត្តិការ អាចពង្រឹងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ”។
អង្គការអុកស្វាម ក្រោមគម្រោង Fair Finance Cambodia សហការជាមួយ ធនាគារជាតិ សមាគមធនាគារនៅកម្ពុជា និង Fair Finance Coalition នឹងបន្តប្តេជ្ញាចិត្តខិតខំប្រឹងប្រែងធ្វើការលើយុទ្ធសាស្រ្តទំនាក់ទំនងឆ្ពោះទៅរកនិរន្តរភាពបរិស្ថាន សង្គម និងសេដ្ឋកិច្ច៕