ប្រទេសកម្ពុជាកំពុងឈានទៅរកប្រជាសាស្រ្តថ្មី គឺការកើនឡើងនូវចំនួនប្រជាជនវ័យចំណាស់ ខណៈពេលដែលអត្រាកំណើតមានការធ្លាក់ចុះ។ យោងតាមតួលេខបច្ចុប្បន្ន ប្រជាជនវ័យចំណាស់នៅកម្ពុជាមានចំនួនប្រមាណ១.៣លាននាក់ (ប្រហែល៨% នៃប្រជាជនសរុប)។ ចំនួននេះ ត្រូវបានគេព្យាករថានឹងកើនឡើងដល់១១% នៅឆ្នាំ២០៣០ និងប្រមាណ២១% ដែលមានចំនួន៥លាននាក់ នៅឆ្នាំ២០៥០។
ការកើនឡើងនៃប្រជាជនវ័យចំណាស់ ឆ្លុះបញ្ចាំងពីភាពវិជ្ជមាននៃសុខុមាលភាពសង្គមក្នុងប្រទេស។ យ៉ាងណាមិញ ការស្រាវជ្រាវពីមនុស្សវ័យចំណាស់នៅកម្ពុជា គឺមានតិចតួចណាស់ ដែលនេះជាមូលហេតុធ្វើឱ្យអង្គការអុកស្វាម តាមរយៈគម្រោងវ៉យ សម្រេចចិត្តផ្តល់មូលិធិដល់ការស្រាវជ្រាវលើបញ្ហានេះ។
នៅក្នុងឆ្នាំ២០១៨ កម្មវិធីវ៉យ តាមរយៈអង្គការអុកស្វាមនៅកម្ពុជា បានគាំទ្រអង្គការមនុស្សចាស់ កម្ពុជា និងវិទ្យាស្ថានជាតិនៃកិច្ចការសង្គម ដើម្បីធ្វើការស្រាវជ្រាវពី “តម្រូវការ និងបញ្ហាប្រឈមរបស់មនុស្សវ័យចំណាស់” ។
ស្រី សុខា អ្នកសម្របសម្រួលគម្រោងវ៉យ នៃអង្គការអុកស្វាម និយាយថា “ការស្រាវជ្រាវនេះ គឺដើម្បីស្វែងយល់អំពីស្ថានភាព បញ្ហាប្រឈម និងតម្រូវការរបស់មនុស្សវ័យចំណាស់ ជាពិសេសស្រ្តីវ័យចំណាស់ និងស្រ្តីមានពិការភាព។ ប្រទេសកម្ពុជានៅខ្វះការសិក្សាស្រាវជ្រាវស្តីពីមនុស្សវ័យចំណាស់ ជាពិសេសលើស្ថានភាព និងបញ្ហាប្រឈមរបស់ពួកគេ ដែលការសិក្សានេះអាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយឆ្លើយតបនានា។ ដូច្នេះកង្វះព័ត៌មាននេះ អាចនាំឱ្យមានកង្វះការយកចិត្តទុកដាក់ និងការគាំទ្រដល់មនុស្សវ័យចំណាស់”។
ការសិក្សានេះត្រូវបានធ្វើឡើងនៅក្នុងខេត្តចំនួន៥ ក្នុងតំបន់ខុសៗគ្នានៅទូទាំងប្រទេសកម្ពុជា។ វាបានបង្ហាញពីស្ថានភាពរបស់មនុស្សវ័យចំណាស់ ដោយផ្តោតលើទិដ្ឋភាពសំខាន់ៗមួយចំនួន រួមមាន សុខភាព សេដ្ឋកិច្ច ការគាំទ្ររបស់សហគមន៍ និងគម្លាតក្នុងគោលនយោបាយពាក់ព័ន្ធ។
ការសិក្សានេះបានរកឃើញថា មនុស្សវ័យចំណាស់ជួបប្រទះបញ្ហាជាច្រើន ដូចជាការប្រឈមខ្ពស់នឹងជំងឺបាក់ទឹកចិត្ត និងជំងឺមិនឆ្លងជាដើម។ ភាពក្រីក្រក៏ជាបញ្ហាចម្បង ដែលរារាំងមនុស្សចាស់ក្នុងការទទួលបានសេវាថែទាំសុខភាពផងដែរ ដោយជាទូទៅ ឱកាសការងារមានកម្រិត និងមិនមានការផ្ដល់ប្រាក់សោធននិវត្តន៍ពីរដ្ឋាភិបាលដល់មនុស្សវ័យចំណាស់ឡើយ។
ក្នុងវ័យ៦៨ឆ្នាំ លោកស្រី ណយ ស៊ីថា ជាអ្នកស្ម័គ្រចិត្តនៅអង្គការអនាគតយុវជនកម្ពុជាអាស៊ាន បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួននៅក្នុងសិក្ខាសាលាសម្ភោធរបាយការណ៍អំពី “បញ្ហា និងតម្រូវការមនុស្សចាស់” កាលពីខែមេសា ថា “ខ្ញុំរីករាយ និងរំភើបដែលបានដឹងថារដ្ឋាភិបាល និងសង្គមស៊ីវិល កំពុងធ្វើការរួមគ្នា ដើម្បីជួយគាំទ្រមនុស្សចាស់។ នេះផ្ដល់ជាកម្លាំងចិត្ត និងក្តីសង្ឃឹមដល់មនុស្សវ័យចំណាស់។ ក្នុងនាមជាមនុស្សវ័យចំណាស់មួយរូប ខ្ញុំពិតជាអរគុណណាស់” ។
ការស្រាវជ្រាវនេះ នឹងក្លាយជាធនធានដែលមានប្រយោជន៍សម្រាប់រាជរដ្ឋាភិបាល អង្គការមិនមែន រដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាអ្នកស្រាវជ្រាវដទៃទៀត ដោយការស្រាវជ្រាវនេះនឹងរួមចំណែកជាមូលដ្ឋានគ្រឹះ សម្រាប់ដោះស្រាយបញ្ហារបស់មនុស្សវ័យចំណាស់ នៅក្នុងប្រទេសកម្ពុជា៕
Download the research HERE.