ដើម្បីអាចហៅបានថាជាអាជីវកម្ម ឬជំនួញដែលមានទំនួលខុសត្រូវ អាជីវករ អ្នកជំនួញ ទាំងអស់ត្រូវមានការទទួលខុសត្រូវធំៗពីរគឺ ការទទួលខុសត្រូវចំពោះមនុស្ស និងការទទួលខុសត្រូវចំពោះភពផែនដី។
ការទទួលខុសត្រូវចំពោះមនុស្ស គឺត្រូវធ្វើជាមួយមនុស្សបីក្រុម។ ក្រុមទី១ គឺជាបុគ្គលិកដែល បម្រើការងារនៅក្នុងក្រុមហ៊ុននោះផ្ទាល់តែម្តង។ ក្រុមហ៊ុននីមួយៗត្រូវគិតគូរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ការបណ្តុះបណ្តាលសមត្ថភាព ការអប់រំនូវគុណធម៌ និងសីលធម៌ របស់បុគ្គលិករបស់ខ្លួន។
ក្រុមទី២ គឺជាដៃគូរកស៊ី ឬក្រុមហ៊ុនដៃគូ។ ការទទួលខុសត្រូវចំពោះតែក្រុមរបស់ខ្លួនមិនគ្រប់គ្រាន់នោះទេ ត្រូវយកចិត្តទុកដាក់ដល់ដៃគូរកស៊ីជាមួយគ្នាទៀតទើបល្អ។
ក្រុមទី៣ គឺជាប្រជាពលរដ្ឋ ឬជាប្រជាជន ដែលស្ថិតនៅក្នុងតំបន់គោលដៅ ឬកន្លែងធ្វើអាជីវកម្មរបស់ក្រុមហ៊ុននោះ។ ក្នុងនាមជាអ្នកជំនួញ យើងត្រូវជួយបង្កលក្ខណៈឱ្យប្រជាជន ទទួលបាននូវផលវិជ្ជមានពីគម្រោងអាជីវកម្មរបស់យើង។
ការទទួលខុសត្រូវចំពោះភពផែនដី សំដៅទៅលើការចូលរួមថែរក្សាការពារ មិនអោយមានសារធាតុពុល ឬសារជាតិកខ្វក់ចូលទៅប៉ះពាល់ទៅដល់ទឹក ខ្យល់ ដី និងបរិយាកាសឡើយ។ ការទទួលខុសត្រូវបែបនេះ ជួយឱ្យមានការរីកចម្រើនជាលំដាប់ ហើយជួយដល់សង្គមមនុស្សទាំងមូល។
ចូរចាំថា អាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងបរិយាប័ន្ន និងការចែកអំណោយ ទោះសុទ្ធតែជារឿងដែលល្អ និងគប្បី ប៉ុន្តែរឿងពីរនេះ គឺជារឿងពីរផ្សេងគ្នា។ ដូច្នេះ ខ្ញុំសូមសំណូមពរ ឱ្យអាជីវករ និងស្ថាប័នជំនួញទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការរកស៊ីប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ហើយបើអាចឆ្លៀតឱកាសធ្វើការចែកអំណោយទៀត គឺរឹតតែប្រសើរ៕