នៅដើមខែកក្កដា ឆ្នាំ២០១៨ លោក Philippe Kridelka ឯកអគ្គរដ្ឋទូតប្រទេសបែលហ៊្សិក បានអញ្ជើញធ្វើទស្សនកិច្ច ការងារអង្គការដៃគូរបស់អុកស្វាម ដែលធ្វើការក្នុងកម្មវិធី កិច្ចគំាពារសង្គមប្រកបដោយបរិយាប័ន្ន និងសមធម៍ សម្រាប់កម្មករកម្មការិនី នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតំបន់អាស៊ាន ជាកម្មវិធីមានរយៈពេលប្រាំឆ្នាំ (២០១៧-២០២១) ក្រោមជំនួយហិរញ្ញវត្ថុពីទីភ្នាក់ងារអភិវឌ្ឍន៍បែលហ៊្សិក។
ដៃគូចំនួនបីដែលបានជួបក្នុងពេលនោះរួមមានអង្គការ បណ្តាញការងារស្ត្រីរួបរួមគ្នា (WNU) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) ពួកគេបានចែករំលែកអំពីកម្មវិធីរបស់គេ បញ្ហាប្រឈម នានាដែលកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបប្រទះ។
លក្ខខណ្ឌការងារ និងលក្ខខណ្ឌរស់នៅនៅមានកម្រិត
តាមការប្រមាណមើល កម្ពុជាមានអ្នកប្រកបរបរផ្លូវភេទ ដោយផ្ទាល់ចំនួន ៦.០០០នាក់ និងដោយប្រយោល ២៦.០០០នាក់ ដែលក្នុងចំណោមនោះ ៨០%នៅភ្នំពេញ។ ដោយសារតែពួកគេងាយរងគ្រោះដោយសារអំពើហិង្សា មណ្ឌលជួបជុំគ្នារបស់អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា ផ្តល់ឱ្យអ្នកទាំងនោះនូវកន្លែងមានសុវត្ថិភាពសម្រាប់ជួបគ្នា និងចែករំលែកបទពិសោធន៍ជាមួយគ្នា។ លោកស្រី ចាន់ សុភ័ណ អ្នកសម្របសម្រួលផ្នែកការគាំទ្រមតិ និងយុទ្ធនាការរបស់អង្គការនេះ បានលើកឡើងថាថា៖ «មណ្ឌលនេះប្រៀបបាននឹងជម្រកមួយសម្រាប់ពួកគេនៅពេលមានហានិភ័យ។ ក្រៅពីនេះ យើងផ្តល់វគ្គរៀនសូត្រ និងវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិ ច្បាប់ ការពិគ្រោះយោបល់ផ្នែកច្បាប់ និងបញ្ហាពាក់ព័ន្ធសុខភាពដែរ។»
អ្នកលក់ដូរតាមដងផ្លូវ កម្មករអូសរទេះ កម្មករធ្វើការតាមផ្ទះ អ្នកបើករ៉ឺម៉ក និងតាក់ស៊ី សុទ្ធតែជាកម្មការក្រៅប្រព័ន្ធ។ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួយដល់សមាជិកជាង ១៤.០០០នាក់ ដែលបានប្រមូលផ្តុំគ្នា រៀបចំ និងទទួលការពង្រឹងសមត្ថភាពឱ្យចេះលើកឡើង និងជជែកពិភាក្សាដោយប្រសិទ្ធភាពនូវលក្ខខ័ណ្ឌការងារល្អ ដើម្បីកែលម្អលក្ខខ័ណ្ឌរស់នៅរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។
ម៉្យាងវិញទៀត នៅពេលដែលរដ្ឋាភិបាលដាក់ឱ្យអនុវត្តប្រាក់កម្រៃអប្បបរមា ១៧០ដុល្លារ ក្នុងមួយខែ សម្រាប់កម្មកររោងចក្រ ម្ចាស់រោងចក្របានដាក់កម្មករទៅក្នុងកិច្ចសន្យារយៈពេលខ្លីវិញ ដើម្បីគេចវេសពីការបង់ប្រាក់កម្រៃ និងអត្ថប្រយោជន៍ការងារពេញ និងពីការបង់វិភាគទានដល់ការធានាផ្នែកសុខភាព ឬការផ្តល់ការសម្រាកមាតុភាព។ ទាំងនេះគឺជាបញ្ហាដែលតំណាងកម្មករលើកយកមកពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត Kridelka ។
ការរើសអើង
លោកស្រី សុភ័ណ បន្តទៀតថា៖ «មណ្ឌលនេះក៏ផ្តល់ការអប់រំជាមូលដ្ឋានផងដែរដល់កូនរបស់អ្នកប្រកបរបរផ្លូវភេទ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលរៀននៅសាលា ឬចូលមណ្ឌលសុខភាព។» ជានិច្ចជាកាល អ្នកប្រកបរបរផ្លូវភេទទទួលរងការរើសអើងខ្លាំងណាស់ពីសំណាក់សហគមន៍ និងពីក្នុងគ្រួសាររបស់ខ្លួនតែម្តង។
លោក វ៉ន ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានរំលេចជូនលោកឯកអគ្គរដ្ឋទូតនូវបញ្ហាប្រឈមមួយចំនួន នៅពេលដែលសមាជិកខ្លះរបស់សមាគមរបស់លោកត្រូវបានរារាំងពីការទទួលអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (NSSF) ។ លោកបានលើកឡើងថា៖ «ពួកគាត់អាចនៅក្រោមការតាមមើល ដោយសារតែពួកគាត់ជាសមាជិករបស់ សមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យើងស្វែងរកការគំាទ្រមតិឱ្យសមាជិករបស់យើងឱ្យគេអាចទទួលបានអត្ថប្រយោជន៍ និងគាំពារសង្គមដូចកម្មករក្នុងប្រព័ន្ធដែរ។»
បេឡាជាតិរបបសន្តិសុខសង្គម ក៏ជាបញ្ហាមួយដែរសម្រាប់កម្មកររោងចក្រកាត់ដេរ និងកម្មកររោងចក្រស្បែកជើង ដោយសារតែម្ចាស់រោងចក្របានធ្វើអនុកិច្ចសន្យាផ្នែកមួយចំនួននៃផលិតកម្មទៅឱ្យរោងចក្រខ្នាតតូចនៅតាមផ្ទះ ដែលនៅទីនោះកម្មករជាអ្នកធ្វើការក្រៅប្រព័ន្ធ ហើយមិនស្ថិតជាប់ក្រោមបន្ទុករបស់ក្របខណ្ឌបេឡាជាតិរបបសន្តិសុខសង្គម ទេ។