ឮ«មានម្តងនោះ ភ្ញៀវម្នាក់បង្ខំឱ្យខ្ញុំផឹកស្រាបៀរមួយដបឱ្យអស់។ បើទោះជាគាត់មិនគំរាមផ្ទាល់មកលើរូបខ្ញុំមែន ប៉ុន្តែខ្ញុំអាចមើលឃើញថាគាត់មានកាំភ្លើង។ ខ្ញុំគ្មានជម្រើសទេក្រៅតែពីបង្ខំខ្លួនខ្ញុំឱ្យផឹកអស់មួយដប។» នេះជាសម្តី នាង ស៊ីណាត ជាអ្នកធ្វើការនៅហាងលក់ស្រាបៀ។
ស៊ីណាត និយាយថា៖ «ភ្ញៀវខ្លះទៀតរអ៊ូរថា រូបខ្ញុំមានវ័យចាស់បន្តិចហើយសម្រាប់ការងារនេះ ប៉ុន្តែខ្ញុំប្រាប់ទៅពួកគេវិញថា បើមិនឱ្យខ្ញុំធ្វើការហ្នឹង តើមានអ្វីផ្សេងដែលខ្ញុំអាចធ្វើបាន?» នាងអរគុណចំពោះក្រុមហ៊ុនស្រាបៀដែលនាងធ្វើការ ពីព្រោះវាមានន័យថានាងមិនបាច់ទៅធ្វើការនៅរោងចក្រកាត់ដេរ។ យ៉ាងណាក្តី ក្រៅពីប្រាក់កម្រៃតិច ហើយបរិយាកាសការងារសម្បូរដោយការបំពាន សុរា និងគ្រឿងញៀននៅជុំវិញកន្លែងធ្វើការរបស់នាង គឺជាកង្វល់មួយដល់គ្រួសារនាងដែរ។ ស៊ីណាត និយាយទៀតថា៖ «ប្រាក់ខែរបស់ខ្ញុំគ្រាន់តែមួយគ្រប់សម្រាប់ថ្លៃជួលផ្ទះ និងអង្ករមួយបាវប៉ុណ្ណោះ។» គ្រួសារទាំងមូលពឹងផ្អែកលើចំណូលរបស់ប្តីដែលជាអ្នករត់ម៉ូតូឌុប និងប្រាក់ចំណេញបន្តិចបន្តួចដែលគ្រួសាររបស់នាងបានពីការលក់ស្រាសនៅភូមិកំណើតក្នុងខេត្តស្វាយរៀង។ ស៊ីណាត មកធ្វើការនៅភ្នំពេញនៅឆ្នាំ១៩៩៦។
ស៊ីណាត ជាសមាជិកមួយរូបរបស់សហព័ន្ធកម្មករផលិតអាហារនិងសេវាកម្ពុជា (CFSWF)។ នាងបានពន្យល់ថា សហព័ន្ធនេះបានជួយនាងដូចជា ឱ្យបានយល់អំពីសិទ្ធិរបស់នាង និងអំពីរបៀបការពារសិទ្ធិទាំងនោះ។ សមាជិករបស់សហព័ន្ធនេះជួបជុំគ្នាជាទៀងទាត់ដើម្បីពិភាក្សាបញ្ហាជាច្រើន។ សហព័ន្ធនេះ ក៏ឧបត្ថម្ភឱ្យមានថ្នាក់បង្រៀនភាសាខ្មែរប្រចាំសប្តាហ៍ដែរដល់កម្មករ និងកូនៗ របស់គេ ដើម្បីបង្កើនជំនាញភាសានិយាយ និងការសរសេរ ក៏ដូចជាបង្កើនភាពជឿជាក់ក្នុងខ្លួនដែរ។ ស៊ីណាត និយាយថា៖ «វាជារឿងប្រសើរណាស់ប្រសិនបើមនុស្សគ្រប់គ្នាផ្តល់តម្លៃឱ្យខ្ពស់បន្តិចមកលើខ្ញុំ និងការងាររបស់ខ្ញុំ។» ស៊ីណាត សង្ឃឹមថា តាមរយៈការងាររបស់ CFSWF វប្បធម៌នៅជុំវិញនារីលក់ស្រាបៀរ និងតម្លៃដែលពួកគាត់ទទួលបាននៅក្នុងសង្គម នឹងមានការកែលម្អឱ្យប្រសើរជាងមុន។