ស្រ៊ុន សុវណ្ណ
សហស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិរបស់អ៊ីឌឹមី (Edemy)
ខ្ញុំគិតថាបច្ចេកវិទ្យាទូរស័ព្ទចល័ត គឺកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងនឹងលទ្ធភាពទទួលបានការអប់រំ។ ថ្ងៃនេះ ខ្ញុំឃើញក្មេងស្រីជាច្រើនដែលមិនត្រឹមតែប្រើ ទូរស័ព្ទទំនើបរបស់ពួកគេ ដើម្បីជជែកជាមួយមិត្តភក្តិនៅលើបណ្តាញសង្គមហ្វេសប៊ុក ឬបង្ហាញពីទេពកោសល្យសម្ដែងរបស់ពួកគេនៅលើកម្មវិធី តិកតុក (Tik Tok)ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាញយកកម្មវិធីអប់រំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រលងរបស់ពួកគេ ឬជជែកលេងជាមួយមិត្តភ័ក្រ និងគ្រូបង្រៀនរបស់ពួកគេនៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជួយដោះស្រាយបញ្ហាគណិតវិទ្យាទៀតផង។ ចំពោះចំណុចល្អ និងចំណុចអាក្រក់ មនុស្សម្នាក់មិនអាចបដិសេធថា បច្ចេកវិទ្យាពិតជាមានផលប៉ះពាល់យ៉ាងធំធេងដល់យើងទាំងអស់គ្នានោះទេ។
បច្ចេកវិទ្យានឹងផ្តល់អំណាចដល់ស្ត្រី
ក្មេងស្រីជាច្រើននៅតាមទីជនបទ ទទួលបានអត្ថប្រយោជន៍ភាគច្រើនពីការទទួលយកបច្ចេកវិទ្យាបែបនេះ ដោយហេតុថា ចលនកម្មរបស់ពួកគេ គឺត្រូវបានរារាំងដោយការរើសអើងផ្នែកវប្បធម៌ ឬការព្រួយបារម្ភផ្សេងៗទៀត។ ឧទាហរណ៍៖ ក្មេងស្រីមួយចំនួនដែលអ៊ីឌឹមី(Edemy) បានធ្វើការជាមួយមិនអាចចូលរៀនថ្នាក់បង្រៀនបន្ថែមនៅពេលល្ងាចនោះទេ ដោយសារតែត្រូវបានគេគិតថា វាមិនមានសុវត្ថិភាព។ នៅពេលឳពុកម្តាយ ចេញទៅធ្វើកសិដ្ឋាន ក្មេងស្រីទាំងនេះ ត្រូវនៅផ្ទះដើម្បីជួយមើលថែប្អូនៗ របស់ពួកគេ។ នេះមានន័យថា សិស្សសាលាស្រីៗទាំងនេះ គឺជារឿយៗ មិនមានវត្តមាននៅសាលារៀននោះទេ។ ការមានទូរស័ព្ទស្មាតហ្វូនដែលមានអ៊ិនធឺណេត គឺអាចជួយពួកគេឱ្យរក្សាទុកនូវអ្វី ដែលកំពុងកើតឡើងនៅក្នុងថ្នាក់ រៀនបាន។ ពួកគេអាចស្វែងរកប្រភពធនធាននៅលើអ៊ិនធឺណេត ឬទទួលបានប្រភពធនធានទាំងនេះពីមិត្តភក្តិរបស់ពួកគេ។ អ៊ីឌឹមី បានដើរតួនាទីយ៉ាងសំខាន់ តាមរយៈការបង្កើតកម្មវិធីទូរស័ព្ទដែលមានឈ្មោះថា តេស្ត១២ (Tesdopi) ដែលជួយបន្ថែមចំណេះដឹងផ្នែក STEM ដល់ពួកគេ សម្រាប់រៀបចំការប្រលង។
ការទទួលបានបច្ចេកវិទ្យា ក៏ផ្តល់អំណាចដល់ស្រ្តីផងដែរ តាមរយៈការផ្តល់ឱ្យពួកគេនូវចំណេះដឹង និងព័ត៌មានថ្មីៗ។ សព្វថ្ងៃនេះ រាល់ពេលដែលម្តាយរបស់ខ្ញុំទទួលបានវេជ្ជបញ្ជាថ្មី គាត់តែងតែសុំឱ្យខ្ញុំពិនិត្យមើលថ្នាំ នៅលើប្រព័ន្ធអ៊ិនធើណេត។ ឥឡូវនេះ ម៉ាក់របស់ខ្ញុំកំពុងរៀនពីរបៀបប្រើកម្មវិធីបកប្រែដែលមានឈ្មោះGoogle Translate ហើយរាប់ចំនួន ទៅតាមថ្ងៃដែលគាត់អាចរកមើលជាភាសាខ្មែរដោយខ្លួនឯងបាន។
ការមានធនធានអេឡិចត្រូនិចប្រកបដោយគុណភាពសម្បូរបែបបន្ថែមទៀត នៅក្នុងភាសាខ្មែរ គឺមានសារៈសំខាន់សម្រាប់ស្ត្រី និងប្រជាជនកម្ពុជាទូទៅ។ ដៃគូរបស់យើងកំពុងប្រើប្រាស់ទម្រង់សិក្សាតាមប្រព័ន្ធអេឡិចត្រូនិចរបស់យើង ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកអាជីវកម្ម និងភាពជាអ្នកដឹកនាំ លើប្រព័ន្ធអ៊ីនធឺណេតផ្សេងៗគ្នា សម្រាប់ជាប្រយោជន៍របស់ពួកគេ។ ប្រការនេះ បានជួយស្ត្រីជាច្រើនដែលមិនអាចធ្វើដំណើរក្នុងរយៈពេលវែង ដើម្បីសិក្សាពីមធ្យោបាយផ្សេងៗ ដែលធ្វើឱ្យអាជីវកម្មរបស់ពួកគេមានភាពប្រសើរឡើង។ មិនតែប៉ុណ្ណោះ មានតម្រូវការជាច្រើនទៀតដែលត្រូវធ្វើនៅលើផ្នែកគុណភាព នៃប្រព័ន្ធអ៊ីនធឺរណេត ក្នុងគោលបំណងជួយឱ្យស្ត្រីទទួលបានព័ត៌មាន និងចំណេះដឹងដែលអាចជួយលើកកម្ពស់សមធម៌យេនឌ័រ។