តើពលរដ្ឋគួរមានសិទ្ធិបញ្ចេញមតិរបស់ខ្លួននៅក្នុងសេចក្តីព្រាងថវិកាឬទេ? តើរដ្ឋាភិបាលគួរបង្កើនពន្ធលើប្រាក់ចំណូលទេ? តើរដ្ឋាភិបាលគួរបង្កើនការលើកលែងពន្ធលើការវិនិយោគបរទេសទេ? សំណួរទាំងនេះ និងប្រធានបទផ្សេងៗទៀតជុំវិញអភិបាលកិច្ចសារពើពន្ធត្រូវបានយុវជន ៣២ក្រុម លើកយកពិភាក្សាដេញដោលគ្នាកាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៨។
ការពិភាក្សាដេញដោលនេះត្រូវបានរៀបចំឡើងដោយអង្គការតម្លាភាពអន្តរជាតិកម្ពុជា ដោយសហការជាមួយអង្គការអុកស្វាម ដើម្បីផ្តល់លទ្ធភាពឱ្យយុវជនកសាងសមត្ថភាពរបស់ខ្លួន បង្កើតវប្បធម៌នៃការចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមកលើប្រធានបទផ្សេងៗទាក់ទងនឹងអភិបាលកិច្ចសារពើពន្ធ។
លោក ប៊ុន សុគាយុគ និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ដែលជាអ្នកចូលរួមម្នាក់ដែរ និយាយថា៖ «នេះជាលើកទីមួយហើយសម្រាប់ខ្ញុំ ហើយខ្ញុំក៏មិនសូវយល់ពីប្រធានបទទាក់ទងនឹងអភិបាលកិច្ចសារពើពន្ធប៉ុន្មានដែរទេ។ ការពិភាក្សាដេញដោលនេះជួយខ្ញុំឱ្យចេះស្រាវជ្រាវថែមទៀត ជជែកជាមួយមនុស្សឱ្យបានច្រើន សួរសំណួរឱ្យច្រើន និងជម្រុញសមាជិកក្រុមរបស់ខ្ញុំឱ្យត្រៀមខ្លួនបានល្អដើម្បីពិភាក្សា និងផ្តល់យោបល់ ជាមួយក្រុមផ្សេងទៀត។»
បង្កើនធនធានផ្នែកហិរញ្ញវត្ថុដើម្បីការអភិវឌ្ឍ
ជាពលរដ្ឋ យើងមិនត្រឹមតែមានភារកិច្ចឈ្វេងយល់អំពីថវិកាជាតិទេ ប៉ុន្តែក៏ត្រូវមានភារកិច្ចផងដែរក្នុងការធ្វើយ៉ាងណាឱ្យថវិកាជាតិពិតជាបម្រើប្រយោជន៍របស់ប្រជាជន។ ការពិភាក្សាដេញដោលរបស់យុវជនលើបញ្ហាទាំងនេះ គឺពិតជាចំណុចចាប់ផ្តើមល្អមួយ។
លោក ព្រាប កុល នាយកប្រតិបត្តិរបស់តម្លាអន្តរជាតិកម្ពុជា និយាយថា ថវិកាជាតិមានសារៈសំខាន់ជាសារវ័ន្តសម្រាប់ការអភិវឌ្ឍជាតិ សុខុមាលភាពរបស់ពលរដ្ឋ និងសម្រាប់អាទិភាពនៃការអភិវឌ្ឍជាតិ។
អង្គការអុកស្វាមបាននឹងកំពុងអនុវត្តគម្រោង “ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ” តាំងពីឆ្នាំ២០១៦ ដែលក្នុងនោះអង្គការតម្លាភាពអន្តរជាតិកម្ពុជាជាដៃគូមួយរបស់យើង។ គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីលើកកម្ពស់គុណភាព និងបរិមាណនៃប្រព័ន្ធសារពើពន្ធនៅ កម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង ដើម្បីជាប្រយោជន៍របស់ពលរដ្ឋ ជាពិសេសយុវជន ស្ត្រី ក្មេងស្រី និងពលរដ្ឋងាយរងគ្រោះ។
លោក ប៊ុន សុគាយុគ និយាយថា៖ “តាមរយៈដំណើរការត្រៀមពិភាក្សាទាំងអស់នេះ ខ្ញុំកសាងទំនុកចិត្តលើខ្លួនឯង និងវិធីសាស្ត្រមានប្រសិទ្ធភាព។ ខ្ញុំរៀនសូត្របានថា ខ្ញុំត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីមានអំណះអំណាងការពារអ្វីដែលខ្ញុំនិយាយ។ ដើម្បីសម្រេចបានគោលបំណងនេះ ខ្ញុំចាំបាច់ត្រូវតែអានឱ្យច្រើន។ ខ្ញុំ ចង់ឃើញវេទិកាបែបនេះឱ្យបានច្រើនថែមទៀតសម្រាប់យុវជន”។
“ថវិកាជាតិមានសារៈសំខាន់ជាសារវ័ន្តសម្រាប់ការអភិវឌ្ឍជាតិ សុខុមាលភាពរបស់ពលរដ្ឋ និងសម្រាប់អាទិភាពនៃការអភិវឌ្ឍជាតិ”