សោភ័ណ ជាអ្នកធ្វើការតាមផ្ទះ និងជាម្តាយមានកូនបីនាក់។ កាលពីពេលថ្មីៗនេះ នាងទើបសម្រាលបានកូនទីបីប្រកបដោយសុខភាពល្អ ប៉ុន្តែជីវភាពដ៏សែនលំបាករបស់នាងបានធ្វើឱ្យនាងស្ថិតក្នុងស្ថានភាពកាន់តែងាយរងគ្រោះថែមទៀត នៅពេលមួយដែលនាងសមតែទទួលបានសេចក្តីរីករាយ។
នាងជាអ្នករកចំណូលសំខាន់ជាងគេសម្រាប់គ្រួសារ។ ប្តីរបស់នាងជាអ្នកលាងម៉ូតូលក្ខណៈគ្រួសារតូចមួយ ហើយគាត់អាចផ្តល់ឱ្យនាងបានតែ ៥០ដុល្លារ ទេក្នុងមួយខែ។ ការងារតាមផ្ទះ គឺជាកិច្ចការហត់នឿយណាស់សម្រាប់រាងកាយ។ នៅពេលដែលនាងជិតគ្រប់ខែ សោភ័ណ រងនូវការចុកចាប់ខ្លាំងទ្រាំមិនបាន ដែលអាចបណ្តាលឱ្យកូនក្នុងផ្ទៃពោះមានគ្រោះថ្នាក់។ ដោយស្តាប់តាមឱវាទរបស់ម្តាយ នាងក៏ឈប់ធ្វើការនៅពេលដែលគភ៌បាន៨ខែ។ ប៉ុន្តែ នៅពេលដែលគ្មានចំណូល នាងមិនមានលទ្ធភាពក្នុងការចំណាយទៅលើថ្លៃម្ហូប ថ្លៃផ្ទះ និងថ្លៃពេទ្យនោះទេ។ ដូច្នេះ សោភ័ណ ក៏សម្រេចចិត្តវិលទៅនៅផ្ទះជាមួយម្តាយ ពឹងផ្អែកលើម្តាយឱ្យជួយ ម្តាយសោភ័ណក៏ជាអ្នកធ្វើការតាមផ្ទះដែរ។
ក្រោយពេលដែលបានដឹងថាសោភ័ណមិនអាចធ្វើការបាន ហើយគ្មានប្រាក់សន្សំទេ ម្តាយរបស់នាងក៏ទៅខ្ចីប្រាក់ពីមេរបស់គាត់ សម្រាប់យកមកចំណាយលើថ្លៃសម្រាលកូនរបស់សោភ័ណ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងភ្នំពេញ។ ជាអកុសល នៅជិតថ្ងៃសម្រាលកូនមកដល់ ស្រាប់តែម្តាយរបស់សោភ័ណរងរបួសនៅកន្លែងធ្វើការ ហើយមិនអាចធ្វើការតទៅទៀតបានអស់ជាច្រើនខែ ព្រោះត្រូវសម្រាកព្យាបាលរបួស។ ក្រោយពីនាងសម្រាលកូនរួច សោភ័ណ ត្រូវមើលថែទាំម្តាយដែលមានរបួសផង និងកូនខ្ចីរបស់ខ្លួនផង និងដល់ពេលត្រូវសងប្រាក់ខ្ចីគេទេ។ ជាមួយនឹងសេចក្តីត្រូវការច្រើនបែបនេះ សោភ័ណ ត្រូវបង្ខំចិត្តត្រឡប់ទៅធ្វើការវិញមុនកាលកំណត់ ដោយទាំងមិនដឹងថាតើត្រូវថែទាំកូន និងម្តាយដោយរបៀបណា ឬក៏ថានឹងមានអ្នកណាជួយឡើយ។ នៅពេលដែលនាងមិនបានទៅធ្វើការកាន់តែយូរ គ្រួសាររបស់នាងទាំងមូលធ្លាក់ខ្លួនកាន់តែក្រ។
រឿងរ៉ាវដូចជារឿងរបស់ សោភ័ណ កើតមាននៅកម្ពុជា ជារៀងរាល់ថ្ងៃ
យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ ILO នារីពលករក្រៅប្រព័ន្ធ ៧៧% យល់ថាខ្លួនប្រឈមភាពរងគ្រោះខ្ពស់ណាស់នៅពេលណាដែលពួកគេត្រូវនៅថែទាំទារកទើបនឹងកើត និងត្រូវសម្រាកក្នុងពេលបែបនេះក្នុងជីវិតរបស់គេ។
រឿងរ៉ាវទាំងនេះគូសរំលេចឱ្យឃើញនូវគម្លាតកាន់តែធំឡើងរវាងអ្នកមាន និងអ្នកក្រនៅកម្ពុជា ហើយជាអកុសល គម្លាតនេះកំពុងតែបំផ្លាញដល់កិច្ចខិតខំនានាកន្លងមកក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅក្នុងប្រទេសនេះ។ កម្ពុជាមិនមែនជាករណីដាច់ដោយឡែកនោះទេ។ នៅទូទាំងពិភពលោក វិសមភាពបាននឹងកំពុងតែកើនខ្ពស់ឡើង ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភវិឌ្ឍ។
រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការសំខាន់ៗជាច្រើន ឆ្ពោះទៅផ្តល់ការថែទាំសុខភាពដល់ពលរដ្ឋច្រើនថែមទៀត តាមរយៈការដាក់ឱ្យប្រើកាតថែទាំសុខភាព (HEC) និងបេឡាជាតិរបបសន្តិសុខសង្គម (NSSF)។ ប្រព័ន្ធទាំងពីរនេះជាជំហានដ៏សំខាន់ឆ្ពោះទៅពង្រីកការគ្របដណ្តប់សេវាថែទាំសុខភាព ប៉ុន្តែមានចំណុចច្រើនទៀតដែលត្រូវធ្វើឲ្យកាន់តែប្រសើរ។ ការវិនិយោគច្រើនទៀតលើផ្នែកនេះ គឺជាភាពចាំបាច់ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់របស់សេវា និងធ្វើឱ្យគុណភាពរបស់សេវាកាន់តែមានភាពប្រសើរឡើង។
“នៅពេលដែលគ្មានចំណូល សោភ័ណ មិនមានលទ្ធភាពក្នុងការចំណាយទៅលើថ្លៃម្ហូប ថ្លៃផ្ទះ និងថ្លៃពេទ្យនោះទេ។ ដូច្នេះ សោភ័ណ ក៏សម្រេចចិត្តវិលទៅនៅផ្ទះជាមួយម្តាយ ពឹងផ្អែកលើម្តាយឱ្យជួយ ម្តាយសោភ័ណក៏ជាអ្នកធ្វើការតាមផ្ទះដែរ”