អ្នកចូលរួមជាង ១០០នាក់ មកពីក្រុមរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានអភិបាលខេត្ត មន្ត្រីនគរបាល និងយោធា និងតំណាងអង្គការមិនមែនរដ្ឋាភិបាល បានមកជុំគ្នាក្នុងសិក្ខាសាលាមួយស្តីអំពី “ការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិទទួលបានដីធ្លី និងធនធានធម្មជាតិ និងការអនុវត្តច្បាប់” ដែលរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងខេត្តព្រះវិហារ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយអង្គការសិទ្ធិមនុស្សអាដហុក អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) អង្គការអភិវឌ្ឍន៍សំឡេងសហគមន៍ (BCV) និងអង្គការអុកស្វាម ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងអំពីអភិបាលកិច្ចដីធ្លី បង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ និងសហគមន៍នៅក្នុងស្ថានភាពមានជម្លោះដីធ្លី និងផ្តល់លទ្ធភាពឱ្យសហគមន៍ដែលពាក់ព័ន្ធ ចែករំលែកកង្វល់របស់ពួកគេជុំវិញជម្លោះនោះ ហើយស្វែងរកមធ្យោបាយល្អបំផុត ដើម្បីដោះស្រាយទាំងអស់គ្នា។
ដីធ្លី គឺជាធនធានដ៏សំខាន់បំផុតសម្រាប់ប្រជាជនក្រីក្រ ពីព្រោះវាផ្តល់មធ្យោបាយគន្លឹះសម្រាប់ពួកគេក្នុងការបំពេញសេចក្តីត្រូវការផ្នែកស្បៀងអាហារ និងរកចំណូលសម្រាប់គ្រួសារ។
ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ មានប្រសាសន៍ថា៖ “ប្រទេសកម្ពុជាមានច្បាប់ និងបទប្បញ្ញត្តិដែលគាំទ្រដល់សិទ្ធិដីធ្លី និងធនធានធម្មជាតិរបស់សហគមន៍មូលដ្ឋាន។ ក្នុងពេលដែលពួកគេទទួលបានសិទ្ធិដីធ្លី និងធនធានធម្មជាតិ ពួកគេក៏ត្រូវគោរពតាមនីតិរដ្ឋដែរ” ។
វាគ្មិនមកពីតុលាការខេត្ត មន្ទីរជំនាញ និងអ្នកច្បាប់ បានចែករំលែកព័ត៌មានអំពីយន្តការដោះស្រាយទំនាស់ដីធ្លីដែលត្រូវបានត្រៀមដាក់ឱ្យអនុវត្តនៅគ្រប់កម្រិតទាំងអស់ ហើយវាគ្មិនបានលើកទឹកចិត្តឱ្យភាគីជម្លោះទាំងអស់ដាក់ពាក្យបណ្តឹងរបស់ពួកគេមកអាជ្ញាធរមូលដ្ឋាន ដើម្បីគេអាចយកទៅចាត់ការបន្តទៀតឱ្យមានប្រសិទ្ធភាព។
បច្ចប្បន្នមានករណីជម្លោះដីធ្លី និងធនធានធម្មជាតិ៧ករណី ដែលត្រូវបានតំណាងសហគមន៍រាយការណ៍នៅក្នុងសិក្ខាសាលាជូនជាព័ត៌មានដល់អាជ្ញាធរ ដើម្បីចាត់វិធានការអន្តរាគមន៍រកដំណោះស្រាយឱ្យបានសមស្រប និងប្រកបដោយយុត្តិធម៌។ បើទុកជាពុំទាន់មានករណីណាមួយត្រូវបានដោះស្រាយនៅក្នុងពេលសិក្ខាសាលានោះក៏ដោយ សេចក្តីរាយការណ៍នោះជាជំហានធំមួយសម្រាប់ឱ្យភាគីពាក់ព័ន្ធទាំងអស់ពិចារណាចាត់វិធានការបន្តទៀត ផ្អែកទៅតាមតួនាទី ភារកិច្ច និងអំណាច រៀងៗខ្លួន។
“ប្រទេសកម្ពុជាមានច្បាប់ និងបទប្បញ្ញត្តិដែលគាំទ្រដល់សិទ្ធិដីធ្លី និងធនធានធម្មជាតិរបស់សហគមន៍មូលដ្ឋាន។ ក្នុងពេលដែលពួកទទួលបានសិទ្ធិដីធ្លី និងធនធានធម្មជាតិ ពួកគេក៏ត្រូវតែអនុលោមតាមនីតិរដ្ឋដែរ”