អង្គការអុកស្វាមប្រចាំនៅកម្ពុជាមានមោទនភាពណាស់ដែលបានគាំទ្រថវិកា ដល់ការរៀបចំកម្មវិធី «សប្តាហ៍ថាមពលស្អាត» ជាលើកដំបូង ដែលបានរៀបចំឡើងដោយ Energy Lab រយៈពេលមួយអាទិត្យ ដើមខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជុំវិញលទ្ធភាពច្រើនរបស់ថាមពលកកើតឡើងវិញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីយុវជន និងកៀរគរតួអង្គសំខាន់ៗមកជុំគ្នា។
កញ្ញា យីង ស្រីពៅ ដែលដឹកនាំក្រុមអគ្គរាជទូតស្ម័គ្រចិត្ត១២នាក់ធ្វើការផ្សព្វផ្សាយនៅតាមសាកលវិទ្យាល័យ និយាយថា៖ «ក្នុងនាមជាអគ្គរាជទូតស្ម័គ្រចិត្ត យើងចង់ឃើញនិស្សិតទាំងអស់យល់ពីតម្រូវការចាំបាច់នៃថាមពលស្អាតក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។ ខ្ញុំជឿថា នៅសាលារៀន ពួកគេពិតជាធ្លាប់បានឮខ្លះហើយអំពីថាមពលស្អាត ប៉ុន្តែនៅមិនទាន់មានមនុស្សច្រើននាក់ទេដែលបង្ហាញចំណាប់អារម្មណ៍អំពីប្រធានបទនេះ។ ប្រហែលជាពួកគេគិតថាវាមិនមានសារៈសំខាន់ដូចជាវិស័យផ្សេងៗទៀត។»
មនុស្សជាង ១២៥០នាក់ ចូលរួមកម្មវិធីថាមពលស្អាត!
សប្តាហ៍ព្រឹត្តិការណ៍ថាមពលស្អាត ត្រូវបានរៀបចំឡើងដើម្បីឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធឲ្យបានច្រើន ដើម្បីលើកកម្ពស់ថាមពលស្អាតនៅក្នុងប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍ ផលិតភាពសេដ្ឋកិច្ច និងនវានុវត្តន៍ ប្រកបដោយចីរភាព។ សន្និសីទកម្រិតខ្ពស់មួយបានផ្តោតទៅលើអនាគតនៃថាមពលស្អាត នៅក្រោមប្របទមានចំណងជើងថា “ជំរុញស្មារតីអាស៊ាន” ដោយប្រមូលតួអង្គសំខាន់ៗជាច្រើនក្នុងវិស័យថាមពលកកើតឡើងវិញក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យមកជួបជុំគ្នានៅទីក្រុងភ្នំពេញ ដោយមាននិស្សិតជាង ៦០០នាក់ចូលរួម សន្និសីទនេះមានគោលដៅដាស់ស្មារតីយល់ដឹងរបស់សាធារណជនអំពីភាពចាំបាច់របស់ថាមពលស្អាត នៅថ្ងៃអនាគត។ សប្តាហ៍ថាមពលស្អាតជាលើកដំបូងនៅកម្ពុជា ជាកម្មវិធីជួបជុដែលទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន។
កម្មវិធីជាសារធារណៈជាច្រើនទៀតត្រូវបានរៀបចំធ្វើឡើងដែរ ដូចជាការចុះទស្សនកិច្ចដល់កន្លែងផ្ទាល់ និងថ្ងៃទំនេរសម្រាប់ឱ្យភ្ញៀវចូលរួមបានឃើញផ្ទាល់នូវគំនិតផ្តួចផ្តើមនានាដែលកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា មានដូចជា ជីវឧស្ម័ន ការទាញយកថាមពលព្រះអាទិត្យ និងរោងចក្រផលិតធ្យូងមានចីរភាព ជាដើម។
កម្មវិធីបិទសប្តាហ៍ថាមពលស្អាតត្រូវបានប្រព្រឹត្តទៅនៅរោងចក្រភ្នំពេញ ដែលពេលនោះអ្នកចូលរួមបានអំពាវនាវទ្រហឹងអឺងកងឱ្យមានកម្មវិធីនេះជាលើកទីពីរទៀត។ អ្នកចូលរួមម្នាក់និយាថា៖ «សប្តាហ៍នេះពិតជាបាននាំមកនូវកម្លាំងចលករមួយ។ អស្ចារ្យណាស់! ខ្ញុំជឿថា កម្មវិធីឆ្នាំក្រោយនឹងកាន់តែមានសភាពខ្លាំងក្លា និងជះឥទ្ធិពលកាន់តែខ្លាំងថែមទៀតជាមិនខាន!»