តើវិធានការអ្វីខ្លះដែលរដ្ឋាភិបាលកម្ពុជាត្រូវប្រកាន់យកដើម្បីធានាថា ប្រជាជនកម្ពុជាដែលងាយរងគ្រោះបំផុត មិនធ្លាក់ក្នុងភាពក្រីក្រវិញបាន? សំណួរនេះ និងសំណួរប្រហាក់ប្រហែលគ្នាផ្សេងទៀត ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាមួយស្តីពីអភិបាលកិច្ច និងគណនេយ្យភាពរបស់កម្ពុជា ក្នុងវេទិកាផ្លាស់ប្តូរយោបល់ (Forum of Exchanges) ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងភ្នំពេញ។
ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ដែលគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ យោងតាមធនាគារពិភពលោក អត្រាកំណើនខ្ពស់នេះនៅមិនទាន់បានធ្វើឱ្យពលរដ្ឋកម្ពុជា ទទួលបានផលស្មើគ្នាទេ ហើយបច្ចុប្បន្ន មានប្រជាជន ៤,៥លាននាក់ ដែលនៅតែរស់នៅក្នុងភាពក្រីក្រ ហើយងាយនឹងធ្លាក់ក្នុងភាពក្រីក្រតោកយ៉ាកណាស់ក្នុងករណីមានស្ថានភាពមិនអំណោយផលណាមួយផ្នែកសេដ្ឋកិច្ច។ នេះជាស្ថានភាពពិតមួយ ជាពិសេសសម្រាប់ពលករក្រៅប្រព័ន្ធ ដែលមិនទាន់ត្រូវបានគ្របដណ្តប់ដោយប្រព័ន្ធសុខាភិបាលសាធារណៈ និងការធានារ៉ាប់រងផ្នែកសន្តិសុខសង្គម។
បញ្ហាសំខាន់ៗក្នុងវេទិកាផ្លាស់ប្តូរយោបល់
កិច្ចពិភាក្សាក្នុងវេទិកានេះ បានផ្តោតលើបញ្ហានៃការកើនឡើងនូវវិសមភាពក្នុងប្រទេសកម្ពុជា បើទោះជាមានលំនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក៏ដោយ។ វាគ្មិនបានសង្កត់ធ្ងន់លើភាពចាំបាច់ដែលរដ្ឋាភិបាលកម្ពុជាបង្កើត និងពង្រឹងសំណាញ់សុវត្ថិភាពឱ្យបានកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយថែមទៀត ដើម្បីការពារពលករ ជាពិសេសអ្នកទាំងឡាយដែលប្រកបរបរក្រៅប្រព័ន្ធ។
អ្នកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាមនៅកម្ពុជា ជាអ្នកសម្របសម្រួលវេទិកាវាគ្មិននេះ។ អ្នកឯកទេសផ្នែកអភិវឌ្ឍន៍ និងអភិបាលកិច្ចតំណាងបួនស្ថាប័ននៅកម្ពុជា បានចែករំលែកឯកទេស បទពិសោធរបស់ពួកគេនៅលើប្រធានបទនេះផងដែរ។
វាគ្មិនក៏បានពិភាក្សាអំពីការរីកចម្រើនគួរឲ្យកត់សម្គាល់នៃប្រព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផ្តល់សេវាសង្គម ដូចជាការធានារ៉ាប់រងសុខភាព និងការអប់រំ ប៉ុន្តែនៅមានកង្វះខាតធាតុផ្សំសំខាន់ៗមួយចំនួនទៀតដែលចាំបាច់សម្រាប់ធ្វើឱ្យប្រព័ន្ធនោះដំណើរការឱ្យបានពេញទំហឹង។ ក្នុងនោះ វាគ្មិនបានចង្អុលទៅលើភាពពុករលួយ គណនេយ្យភាពនៅមានកម្រិត និងកង្វះជំនាញក្នុងចំណោមមន្ត្រីរាជការ។ ចំណុចទាំងនេះស្ថិតក្នុងចំណោមដើមហេតុធំៗមួយចំនួនដែលធ្វើឱ្យការផ្តល់សេវាសង្គមនៅមានកម្រិត និងមិនទាន់ជាទីពេញចិត្តដល់ពលករ និងពលរដ្ឋទូទៅ។
កិច្ចពិភាក្សានេះ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអគ្គនាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌របស់ប្រទេសប៊ែលហ្ស៊ិក ហើយវាក៏ជាផ្នែកមួយនៃកម្មវិធីសន្ទនារបស់ឯកអគ្គរដ្ឋ ទូតប៊ែលហ្ស៊ិក គឺឯកឧត្តម Philippe Kridelka ជាមួយសមាជិករបស់ក្របខណ្ឌយុទ្ធសាស្ត្ររួមរបស់កម្ពុជា (JFS) ដែរ។