ខ្ញុំឈ្មោះ Priscilla Ngero ខ្ញុំ មានកិត្តិយសណាស់ ដែលត្រូវបានផ្តល់ឱកាសឱ្យធ្វើការជំនួស សូលីន ក្នុងកំឡុងពេលឈប់សម្រាក លំហែមាតុភាព។ ខ្ញុំនឹងធ្វើការរួមគ្នាជាមួយក្រុមការងារអង្គការអុកស្វាម និងដៃគូរបស់យើងរហូតដល់បំណាច់ខែមីនា ឆ្នាំ២០២០ ក្នុងតួនាទីជានាយិកាស្តីទី អង្គការអុកស្វាមប្រចាំនៅកម្ពុជា។ ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានធ្វើការរួមគ្នាជាមួយក្រុមការងារដ៏ស្វិតស្វាញនេះ និងមានឱកាសចែករំលែកទស្សនវិស័យរបស់ខ្ញុំជាមួយមិត្តអ្នកអាន ពីនេះពីនោះ របស់យើង!
ប្រធានបទលើកនេះ ផ្តោតលើធុរកិច្ចប្រកបដោយទំនួលខុសត្រូវ និងបរិយាប័ន្ន ដូច្នេះ ខ្ញុំសូមចែករំលែកគម្រោងនានារបស់អង្គការអុកស្វាមប្រចាំនៅកម្ពុជាជុំវិញប្រធានបទនេះ។
នៅក្នុងឆ្នាំ២០១៥ អង្គការអុកស្វាម បានចាប់ផ្តើមគម្រោងថ្នាក់តំបន់ឈ្មោះថា “គម្រោងលើកកម្ពស់យេនឌ័រ និងធុរកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងវិស័យកសិកម្មនៅតំបន់អាស៊ីអាគ្នេយ៍ (GRAISEA)” ដើម្បីលើកកម្ពស់គម្រូធុរកិច្ចប្រកបដោយបរិយាប័ន្នឈ្នះ-ឈ្នះ ដែលគម្រូនេះផ្តល់ផលប្រយោជន៍ដល់កសិករខ្នាតតូច ក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកនៅក្នុងទីផ្សារអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងសិទ្ធិអំណាចរបស់ស្រី្ត។ ជាផ្នែកមួយនៃគម្រោងនេះ អង្គការអុកស្វាមរួមទាំងក្រុមហ៊ុន និងអង្គការសង្គមស៊ីវិល ដែលមានទស្សនវិស័យដូចគ្នាបានផ្តួចផ្តើម វេទិកាស្តីពីទំនួលខុសត្រូវសង្គមកម្ពុជា ដោយប្រមូលផ្តុំក្រុមហ៊ុន សភាពាណិជ្ជកម្ម និងអង្គការសង្គមស៊ីវិលជាង ៥០ ។ គោលបំណងនៃវេទិកានេះ គឺដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងធនធានផ្សេងៗ និងលើកកម្ពស់ការអនុវត្តធុរកិច្ចប្រកបដោយទំនួលខុសត្រូវ និងបរិយាប័ន្ន ដែលផ្តល់ផលប្រយោជន៍ដល់ស្រ្តី និងបុរសនៅកម្ពុជា។
ឧទាហរណ៍ដ៏ល្អមួយនៃធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន គឺសមាជិក និងដៃគូរបស់យើង ដូចជាក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលផ្តោតគម្រូធុរកិច្ចលើការធ្វើការជាមួយប្រជាកសិករ ក្នុងនាមជាដៃគូដ៏សំខាន់ តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា និងគាំទ្រពួកគេក្នុងការអភិវឌ្ឍស្មារតី និងជំនាញសហគ្រិន និងក្លាយជា “កសិសហគ្រិន” ។ ក្រុមហ៊ុនអេមរុរ៉ាយស៍ ក៏ជាដៃគូសំខាន់ នៅក្នុងគម្រោងប្លុករ៉ាយស៍ (BlocRice) និងរ៉ាយស៍ថេកខេមបូឌា (RiceTechCambodia) ដែលមានគោលបំណងលើកកម្ពស់បរិយាប័ន្ន កសិករខ្នាតតូច សិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្រី្ត និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន កំពុងទទួលយកបរិយាប័ន្ន ដោយធ្វើការផ្ទាល់ជាមួយក្រុមប្រជាកសិករ និងកសិករខ្នាតតូច ខណៈពេលដែលយកចិត្តទុកដាក់លើសុខុមាលភាពរបស់និយោជិកខ្លួន ដូចជាក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ ដែលកំពុងចែករំលែកទស្សនវិស័យពាក់ព័ន្ធនឹងប្រធានបទនេះ។
ការសហការជាដៃគូជាមួយក្រុមហ៊ុនឯកជន ដែលផ្តល់អត្ថប្រយោជន៍ប្រកបដោយចីរភាពសម្រាប់ កសិករខ្នាតតូចនៅលើទីផ្សារ កំពុងមានសក្តានុពលខ្លាំង។ អង្គការអុកស្វាម និងដៃគូបានត្រៀមខ្លួន និងរីករាយចូលរួមក្នុងកិច្ចសន្ទនា លើកកម្ពស់ធុរកិច្ចប្រកបដោយទំនួលខុសត្រូវ និងបរិយាប័ន្ន នៅប្រទេសកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកទាំងអស់គ្នា ជាពិសេសស្រ្តី និងជនងាយរងគ្រោះ៕
យើងរង់ចាំស្តាប់មតិ និងយោបល់របស់អ្នក ដើម្បីឲ្យ ពីនេះពីនោះ កាន់តែប្រសើរជាងនេះ។ សូមផ្ញើមតិ និងយោបល់របស់អ្នកទៅកាន់ ពីនេះពីនោះ តាមរយៈPineehPinooh.Cambodia@oxfam.org ។
ខ្ញុំសង្ឃឹមថា អ្នកនឹងរីករាយជាមួយ ពីនេះពីនោះ ទី៤ នេះ!
សូមជូនពរលោកអ្នកសំណាងល្អ
Priscilla