ឆ្នាំនេះ អង្គការអុកស្វាម បានសម្ពោធគម្រោងសាកល្បងមួយក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា “ប្លុកឆេនដើម្បីលើកកម្ពស់ជីវភាពកសិករស្រូវសរីរាង្គពីប្រទេសកម្ពុជា” ហៅកាត់ “ប្លុករ៉ាយស៍” (BlocRice) ដោយប្រើ បច្ចេកវិទ្យា «ប្លុកឆេន (blockchain)» សម្រាប់បង្កើតបណ្តាញកសិករមួយនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវអង្ករ ដើម្បីធានាយ៉ាងណាឱ្យកសិករទទួលបានថ្លៃល្អនិងសមរម្យពីការលក់ទិន្នផលរបស់ខ្លួន។
កសិករដាំស្រូវសរីរាង្គខ្នាតតូចចំនួន៥០នាក់ នៅខេត្តព្រះវិហារបានចូលរួមសហការនៅក្នុងគម្រោងសាកល្បងនេះហើយ។ គោលបំណងគឺដើម្បីលើកកម្ពស់«កិច្ចសន្យាឆ្លាត» ដែលជាកិច្ចព្រមព្រៀងឌីជីថលបីភាគី រវាងកសិករដាំស្រូវសរីរាង្គ អ្នកនាំចេញអង្ករ និងអ្នកទិញនៅក្នុងប្រទេសហូឡង់។
លោកស្រី លឹម សូលីន នាយិការបស់អង្គការអុកស្វាមប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «តាមរយៈកិច្ចសន្យានេះ កសិករមានលទ្ធភាពតថ្លៃជាសមូហភាព ដោយសារថាក្រុមសហគមន៍កសិកម្មនឹងក្លាយខ្លួនជាភាគីនៅក្នុងកិច្ចសន្យាដែរ។»
គម្រោងនេះ ចុះបញ្ជីនូវសមាសភាគគ្រប់យ៉ាងទាំងអស់ដែលមាននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយប្រើកូដអត្តសញ្ញាណកម្មមានលក្ខណៈពិសេសដោយឡែកនៅលើប្លុកឆេន។ បន្ទាប់មក វាបង្កើតជាកិច្ចសន្យាឆ្លាតមួយរវាងភាគីទាំងអស់ដែលចូលរួម។ នៅពេលណាផលិតផលត្រូវបានដឹកដល់ដៃអ្នកទិញហើយ ការទទួលយកទំនិញនឹងត្រូវបានកត់ត្រាទុកជាលក្ខណៈឌីជីថល ហើយការបង់ប្រាក់នឹងត្រូវបានផ្ទេរតាមប្រព័ន្ធឌីជីថលដែរ ទៅឱ្យសហគមន៍កសិកម្ម ដែលបន្ទាប់មកនឹងផ្ទេរប្រាក់បន្តទៅទៀតទៅឱ្យគណនីផ្ទាល់ខ្លួនរបស់កសិករ នៅតាមធនាគារក្នុងស្រុកណាមួយ។
Web-based application នេះផ្តោតទៅលើតម្លាភាព និងភាពអាចតាមដានបាន ហើយវាបង្កលក្ខណៈឱ្យភាគីទាំងអស់ធ្វើការសម្របសម្រួល ផ្ទៀងផ្ទាត់ និងដាក់កិច្ចសន្យាឱ្យប្រតិបត្តិតាម និងបំពេញមុខងារដោយគ្រប់ភាគីទាំងអស់ តាមប្រព័ន្ធឌីជីថល។ តួអង្គពាក់ព័ន្ធទាំងអស់អាចចូលមើលព័ត៌មានអំពីខ្សែសង្វាក់ផ្គត់ផ្គង់នៅលើមូលទិន្នន័យរួមបាន ចាប់តាំងពីពេលដាំដុះស្រូវ រហូតដល់ពេលវាត្រូវបានយកមកផលិតចេញជាអង្ករ។
នាំយកការអនុវត្តដ៏ប្រសើរមកកម្ពុជា
នៅក្នុងប្រព័ន្ធ BlocRice កសិករបានបញ្ចូលព័ត៌មានប្រវត្តិរូបសង្ខេប និងទិន្នន័យដាំដុះរបស់ខ្លួន មានដូចជា តំបន់ដាំដុះ និងទិន្នផលរំពឹងទុក ជាដើម។ ផ្ទៃដីដាំដុះមានទំហំជាមធ្យមពីមួយទៅពីរហិកតា ដែលផលិតស្រូវសរីរាង្គបានពី ២,៥តោន ទៅ ៣តោន ក្នុងមួយឆ្នាំ។
លោកស្រី លឹម សូលីន នាយិការបស់អង្គការអុកស្វាមប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ «លទ្ធភាពឱ្យកសិករចុះឈ្មោះធ្វើកិច្ចសន្យាតាមរយៈវេទិកាឌីជីថលនេះបាន សបញ្ជាក់ឱ្យឃើញអំពីសារៈសំខាន់របស់កសិករ។ BlocRice នឹងផ្តល់ឱ្យពួកគាត់នូវវេទិកាមួយដើម្បីពង្រឹងសិទ្ធិអំណាចរបស់ខ្លួន។»
គម្រោង «ប្លុកឆេនដើម្បីជីវភាពកសិករស្រូវសរីរាង្គពីប្រទេសកម្ពុជា » កំពុងត្រូវបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០១៩។ ប្រសិនបើវាសម្រេចបានជោគជ័យ គម្រោងនេះមានគោលដៅថានឹងត្រូវបានពង្រីកទៅអនុវត្តនៅតាមខេត្ត និងលើដំណាំផ្សេងទៀតដែរ។
សិក្ខាសាលារៀបចំដោយអង្គការអុកស្វាម ជាមួយសហគមន៍កសិកម្មចំនួន៥០ ក្នុងខេត្តព្រះវិហារ និងមានការចូលរួមពីប្រធានមន្ទីរកសិកម្ម អ្នកពាក់ព័ន្ធផ្សេងទៀត និងក្រុមហ៊ុនឯកជន។
BlocRice លើបណ្តាញសារព័ត៌មាន
NIKKEI ASEAN REVIEW PNN Cambonomist Cryptovest Cryptoruin News BTC Vixen Now Cambodia Daily The ASEAN Post Bayon TV Hang Meas TV
“តាមរយៈកិច្ចសន្យានេះ កសិករមានលទ្ធភាពតថ្លៃជាសមូហភាព ដោយសារថាក្រុមសហគមន៍កសិកម្មនឹងក្លាយខ្លួនជាភាគីនៅក្នុងកិច្ចសន្យាដែរ។”