តើអ្នកមីងមានទស្សនៈយ៉ាងណាទៅលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងរយៈកាលថ្មីៗនេះ?
ទស្សនៈរួមរបស់ខ្ញុំទៅលើ ការអភិវឌ្ឍនក្នុងតំបន់ជនជាតិដើមហាក់ដូចជាលឿនមែនទែន ជាពិសេសការផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនធំៗ។ ខ្ញុំមិនជំទាស់នឹងការអភិវឌ្ឍននោះទេ រដ្ធាភិបាល អភិវឌ្ឍអោយមានការរីកចម្រើន។ ប៉ុន្តែពួកខ្ញុំជនជាតិដើមភាគតិច ពុំទាន់ទទួលបានចំណេះដឹង ស៊ីជម្រៅអំពីការអភិវឌ្ឍនៅឡើយទេ។
បញ្ហាចំបង គឺមិនបានធ្វើការបែងចែកថាតំបន់ណាគួរអភិវឌ្ឍ តំបន់ណាគួរទុកសម្រាប់ទំនុក សក្ការៈ ឲ្យជនជាតិដើមភាគតិចប្រើប្រាស់ តាមប្រពៃណី…ជាក់ស្តែងតំបន់ព្រៃធម្មជាតិមានទំហំធំ ពោរពេញទៅដោយព្រៃអរក្ស កន្លែងប្រមូលផលអភិរក្សព្រៃឈើរបស់សហគមន៍ និងកន្លែងប្រមូលផល បន្លែធម្មជាតិ។
ជនជាតិដើមភាគតិចពុំទាន់ទទួលបានទទួលបានព័ត៌មានគ្រប់គ្រាន់ ក្នុងការពិគ្រោះយោបល់ និងការព្រមព្រៀងក្នុងផ្លូវច្បាប់។ ដូចពួកយើងដឹងហើយពួកខ្ញុំជនជាតិដើម ភាគតិចចំណេះដឹង នៅមានកម្រិតទាក់ទងទៅនឹងការប្រើប្រាស់ភាសាខ្មែរ ច្បាប់ និងគោលការណ៍ផ្សេងៗ។ ការផ្សព្វផ្សាយនៅថ្នាក់ជាតិមានមានភាពទូលំទូលាយ ប៉ុន្ដែថ្នាក់មូលដ្ឋាននៅមានកម្រិតខ្លាំង។
តើអ្នកមីងគិតថា៥ឆ្នាំទៅមុខទៀត វិស័យអ្វីដែលសំខាន់សំរាប់ប្រទេសកម្ពុជា?
ផ្នែកអប់រំជាបង្គោលធំ។ កាលណាមនុស្សចេះអក្សររៀនបានជ្រៅជ្រះ ពួកគាត់អាចការពារ វប្បធម៌ប្រពៃណី ជួយលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឲ្យបានសមរម្យ និងជួយអ្នកដទៃផងដែរ។ អង្គការសមាគមន៍ខ្មែរលើក៏ធ្វើការជាមួយយុវជន ច្រើនក្នុងរឿងនេះផងដែរ ដោយមានការបណ្តុះបណ្ដាល សិស្សជនជាតិដើមភាគតិចពីថ្នាក់ទី៧ដល់ទី១២ ដោយផ្ដល់ជាកន្លែង ស្នាក់នៅដល់ពួកគេ។ តាំងពីឆ្នាំ២០០៨មក សិស្សនៅក្នុងអង្គការពួកយើង ដែលប្រឡងជាប់ បាក់ឌុបមានចំនួនប្រមាណ ៣០០នាក់។ ដូច្នេះពួកយើងស្នើរសុំរដ្ឋាភិបាល អង្គការដៃគូ សប្បរសជនផ្សេងៗទៀតឲ្យជួយជាអាហារូបករណ៍ ដើម្បីឲ្យក្មួយៗបានបន្ដការសិក្សារទៅថ្នាក់សាកលវិទ្យាល័យទៅភ្នំពេញ។
ហេតុដូចនេះហើយ បើអភិវឌ្ឍក្នុងតំបន់របស់ពួកគាត់ ការសម្បទានដីក៏ដោយ ដាំកៅស៊ូក៏ដោយ សំនូមពរឲ្យអញ្ញាធរពាក់ព័ន្ធឲ្យមានការពិភាក្សាឲ្យបានស៊ីជម្រៅ ហើយគួរធ្វើការសិក្សាពីវប្បធម៌ប្រពៃណីរបស់គាត់ និងធ្វើឡើងក្នុងភាសារបស់គាត់ ដើម្បីឲ្យពួកគាត់ងាយស្រួលយល់ និងមានការទំនាក់ទនងល្អ នេះជាបទពិសោធន៍របស់ខ្ញុំដែលបានធ្វើការជាមួយគាត់។
ក្នុងការអភិវឌ្ឍ សូមឲ្យមានការចូលរួមពិគ្រោះយោបល់ ធ្វើការឯកភាពគ្នាជាមុន ឲ្យមានការរក្សាទុកតំបន់ សក្ការៈបូជា តំបន់ប្រពៃណី តំបន់ព្រៃឈើ ព្រៃកប់ខ្មោច ព្រៃបំរុងទុកមួយចំនួន។ បើសិនណាមានភាពស្មោះត្រង់ជាមួយគ្នា និយាយឲ្យច្បាស់ជាមួយគ្នា វាអាចកាត់បន្ថយបញ្ហាទៅអនាគតជាច្រើន ខាងក្រុមហ៊ុនក៏ចំនេញ ខាងសហគមន៍ក៏ចំណេញដែរ។
រូបថត៖ Savann Oeurm/Oxfam