តើឯកឧត្តមមានទស្សនៈយ៉ាងណាទៅលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងរយៈកាលថ្មីៗនេះ?
ទន្ទឹមនឹងការពេញចិត្តចំពោះសមិទ្ធផលប្រវត្តិសាស្រ្តដែលកម្ពុជាសម្រេចបានកន្លងមក យើងចង់ឃើញកម្ពុជាក្លាយជាប្រទេសចំណូលខ្ពស់ ដែលមានភាពរឹងមាំ មានមោទនភាពជាតិ និងជាប្រទេសគំរូនៅក្នុងតំបន់ នៅក្នុងរយៈពេល៣០ ទៅ៤០ឆ្នាំខាងមុខទៀត។ យើងមានមហិច្ចតាខ្ពស់ទៅលើកម្ពុជានាពេលអនាគត។
ការពិតណាស់ យើងឃើញថា ទាំងប្រជាជនកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលចង់បានការអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីអភិវឌ្ឍកម្ពុជាបាន យើងមិនអាចមើលរំលង ឬចោលផ្នែកណាមួយឡើយនៅក្នុងសង្គម។ យើងត្រូវតែឆ្ពោះជំហានទៅមុខទាំងអស់គ្នា។ បើយើងក្រឡេកមើលទៅកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលជាង២ទស្សវត្សកន្លងមក ដែលចាប់តាំងពីកម្ពុជាទទួលបានសន្តិភាពពេញលេញក្នុងឆ្នាំ១៩៩៨ និងបន្ទាប់ពីយើងបានអនុវត្តគោលនយោបាយឈ្នះ ឈ្នះ សេដ្ឋកិច្ចកម្ពុជាមានការកើនឡើងក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ។ យើងមើលឃើញការផ្លាស់ប្តូរជាវិជ្ជមានជាច្រើននៅក្នុងសង្គមយើង។ ប្រជាជនក្នុងកម្រិតមធ្យមមានចំនួនកើនឡើងច្រើន បើប្រៀបនឹងពីមុន។
យើងអាចមើលឃើញតាមរយៈក្រសួងអប់រំយុវជន និងកីឡា ដែលបានចាប់ផ្តើមគោលនយោបាយ សាលាជំនាន់ថ្មី។ នេះក៏ជាសញ្ញាមួយដែលបញ្ជាក់អំពីបំណង និងមហិច្ចតា របស់រាជរដ្ឋាភិបាលក្នុងការរៀបចំកែប្រែ និងត្រៀមប្រជាជនកម្ពុជា ដើម្បីទៅប្រកួតប្រជែងជាមួយប្រជាជនទាំងថ្នាក់តំបន់ និងនៅលើឆាកអន្តរជាតិ។ ដូច្នេះ យើងអភិវឌ្ឍប្រទេសជាតិរបស់យើង ដោយយើងត្រូវធ្វើការរួមគ្នា ដែលមិនមែនជាការអភិវឌ្ឍមានអ្នកឈ្នះ មានអ្នកចាញ់នោះទេ។
តើការអភិវឌ្ឍនេះមានន័យដូចម្តេចចំពោះឯកឧត្តម និងក្រសួងបរិស្ថាន?
នៅក្នុងក្រសួងបរិស្ថាន យើងមានការវាយតម្លៃផលប៉ះពាល់បរិស្ថានច្បាស់លាស់។ រាល់គម្រោងអភិវឌ្ឍទាំងអស់ យើងត្រូវតែធ្វើការវាយតម្លៃ ថាតើគម្រោងវិនិយោគទាំងនោះមានផលប៉ះពាល់ដល់សង្គម បរិស្ថាន វប្បធម៌ និងសេដ្ឋកិច្ចយ៉ាងណា។ ដូច្នេះរាល់ការអភិវឌ្ឍរបស់យើង ក៏យើងបានធ្វើការគិតគូរពិចារណាផងដែរ។ យើងបានធ្វើការសិក្សាថា ការអភិវឌ្ឍណាដែលត្រូវជាមួយនឹងគម្រោងអភិវឌ្ឍយុទ្ធសាស្រ្ត ក៏ដូចជាសេដ្ឋកិច្ច ដែលយើងអាចធ្វើបាន។
យើងក៏សិក្សាដែរថា គម្រោងណាដែលពាក់ព័ន្ធទៅនឹងវប្បធម៌ ប្រជាជន ដែលយើងអាចធ្វើការអភិវឌ្ឍ ក៏ដូចជា ចូលរួមក្នុងការអភិវឌ្ឍពិភពលោកផងដែរ។ ជាឧទាហរណ៍ នៅក្នុងក្រសួងបរិស្ថាន យើងមានក្រុមប្រឹក្សាអភិវឌ្ឍប្រកបដោយចីរភាព។ ក្រុមប្រឹក្សានេះ មានគោលដៅចំបងឆ្លើយតបដល់គោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិផងដែរ។
ខ្ញុំជឿជាក់ថា កម្ពុជានឹងមានអនាគតដ៏ល្អមួយ ពីព្រោះអ្វីដែលយើងបានធ្វើ គឺយើងបានចាក់គ្រឹះដ៏រឹងមាំសម្រាប់អ្នកជំនាន់ក្រោយដើម្បីបន្ត។ ហើយអនាគតកម្ពុជា គឺពឹងទាំងស្រុងទៅលើយុវជនជំនាន់ក្រោយរបស់យើង។
ខ្ញុំគិតថា នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត យើងនឹងឈានដល់យុគសម័យមាសមួយ ដោយសារប្រជាជនទទួលបានការអប់រំខ្ពស់ជាងមុន។ ពួកគេទទួលបានចំណេះដឹងទូលំទូលាយជាងមុន ហើយពួកគេអាចបំលែងចំណេះទាំងនោះទៅជាធុរកិច្ច។ ដូច្នេះខ្ញុំមើលឃើញថា កម្ពុជានឹងអាចដើរលឿនជាងមុន៕