ទិវាសម្អាតពិភពលោក គឺជាគំនិតផ្តួចផ្តើមមហាជនដែលប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក អស់ពេលដប់ឆ្នាំមកហើយ។ ប៉ុន្តែ លើកនេះជាឆ្នាំទីមួយហើយដែលប្រទេសកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានចូលរួមទិវានេះជាមួយប្រទេស ១៥៥ផ្សេងទៀត។ បុគ្គលិករបស់អុកស្វាម រួមទាំងគ្រួសារ និងមិត្ត សរុប ៣០នាក់ រួមដោយគ្រួសារ មិត្តភក្តិ កូនក្មេង និងទារកផង ក៏បានចូលរួមក្នុងទិវានេះដែរ ដើម្បីស្រាក់ដៃគ្នាជួយសម្អាតទីនៅជុំវិញផ្សាររាត្រី ក្បែរផ្សារចាស់ ក្នុងទីក្រុងភ្នំពេញ។
យ៉ាងណាក្តី រយៈពេលប៉ុន្មានម៉ោងដែលយើងបានចំណាយដើម្បីនាំគ្នាប្រមូលសំរាម ជាពិសេសវត្ថុផ្លាស្ទិក ញាត់ដាក់ក្នុងស្បោងធម្មជាតិនោះ មិនមែនគ្រាន់តែជាការសម្អាតផ្លូវទេ។ អ្វីដែលសំខាន់បំផុតនោះ គឺការលើកកម្ពស់ការយល់ដឹងរបស់អ្នកស្នាក់នៅតំបន់នោះ និងខ្លួនយើងផ្ទាល់អំពីបញ្ហារាតត្បាតរបស់វត្ថុផ្លាស្ទិក និងបញ្ហាការទុកដាក់សំរាម។
លើកកម្ពស់ការយល់ដឹង
ដំបូងឡើយ ក្រុមរបស់យើងគិតថាតំបន់ផ្សាររាត្រីមានភាពស្អាតគួរសម! ប៉ុន្តែលុះតែដល់ពេលយើងចាប់ផ្តើមមើលទៅលើផ្លូវដើម្បីរករើសសំរាមទើបយើងបើកភ្នែកខ្លួនយើងធំៗ ហើយទទួលស្គាល់ថាយើងទាំងអស់គ្នា មើលសម្រាមមិនឃើញជាយូរមកហើយ។ ខណៈដែលកម្មករប្រមូលសំរាមបានបំពេញកិច្ចការបម្រូលយកសំរាមធំៗចេញអស់នៅក្នុងលក្ខខណ្ឌមួយដ៏លំបាក និងខ្វះអនាម័យក៏ពិតមែន ក៏នៅមានបំណែកតូចៗរបស់សំរាមនៅរាយប៉ាយលើផ្លូវដែរ ដោយសារតែការចោលសំរាមមិនបានត្រឹមត្រូវ។
គ្រាន់តែជិតមួយម៉ោងសោះ យើងប្រមូលកម្ទេចសំរាមញាត់បាន១៥ថង់ធំៗ ដែលមានសំរាមគ្រប់មុខ ក្នុងនោះដបផ្លាស្ទិកត្រូវបានដាក់ដោយឡែក។ សម្រាមភាគច្រើនមាន បំពង់បឺតជ័រ ស្បោងកៅស៊ូ គម្របដបជ័រ ក្រវិលកំប៉ុងភេសជ្ជៈ កន្ទុយបារី សំបកស្ករគ្រាប់ និងស្រោមចង្កឹះ ចម្រៀកប្លាស្ទិចហែកចេញពីកញ្ចប់អាហារ និងសំណល់កាតទូរសព្ទដែលគេបោះចោលក្រោយពីបានបញ្ចូលទឹកប្រាក់រួច។
Liza Ordonez-Cooke អ្នកសម្របសម្រួលក្រុមបៃតងរបស់អុកស្វាមកម្ពុជា - ដែលជាក្រុមបុគ្គលិកស្ម័គ្រចិត្តមានគោលដៅស្វែងរកដំណោះស្រាយបែបធម្មជាតិដល់បុគ្គលិកនិងការិយាល័យតាមប្រទេស - និយាយថា៖ «បំណែកផ្លាស្ទិកតូចៗទាំងនេះងាយនឹងគេមើលរំលងណាស់ ប៉ុន្តែនៅក្នុងរដូវភ្លៀងសំរាមទាំងនេះនឹងធ្លាក់ចូលទៅក្នុងប្រព័ន្ធទឹកធម្មជាតិ បង្កបញ្ហាដល់ផ្លូវទឹកហូរ នាំឱ្យមានទឹកជំនន់ ហើយថែមទាំងត្រូវបានត្រីស៊ីជាចំណីទៀតផង»។
ជនស្ម័គ្រចិត្តអាយុប្រាំបីឆ្នាំម្នាក់នៅក្នុងក្រុមរបស់យើងបានលើកសំណួរដែលនរណាក៏ឆ្ងល់ដែរថា ហេតុអ្វីបានជាមនុស្សម្នាមិនដាក់សំរាមចូលទៅក្នុងធុង?
ភាពផែនដីមួយកាន់តែមានសុខភាពល្អ និងកាន់តែមានចីរភាព គឺចាប់ផ្តើមពីយើងគ្រប់គ្នា!
ខណៈដែលការថែរក្សាបរិស្ថានឱ្យស្អាត និងការដឹងខ្លួនអំពីរបៀបទុកដាក់សំរាមឱ្យបានត្រឹមត្រូវគួរតែជាកិច្ចការប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា សកម្មភាពរួមគ្នាដែលគេមើលឃើញពេលនេះបានញ៉ាំងឱ្យមានប្រតិកម្មពីសំណាក់អ្នករស់នៅទីនោះ។ យើងទទួលបានសំបកដប និងការលើកមេដៃប្រាប់ជាសញ្ញាគាំទ្រ។ យើងបានឮគេនិយាយគ្នាអំពីទម្លាប់អាក្រក់ក្នុងការគ្រវែងសំរាមចោលពាសវាល។ មនុស្សម្នាក់បាននាំគ្នាកាន់កែវជ័រភេសជ្ជៈទទេរមកបោះចូលក្នុងស្បោងរបស់យើង ហើយគេនាំគ្នាសួរថា ហេតុអ្វីបានជាយើងធ្វើដូច្នោះ?
បន្តិចម្នាក់ យើងអាចជួយគ្នាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការបំពុលដោយវត្ថុផ្លាស្ទិក ដោយ៖
- រក្សាទុកដបទឹកមួយ (ឬពីរ)សម្រាប់ប្រើឡើងវិញ ដើម្បីចៀសវាងការប្រើប្រាស់ដបទឹកជ័រ។ ឈប់ប្រើពែងជ័រសម្រាប់ហូបកាហ្វេ ឬតែ នៅក្នុងការិយាល័យរបស់អ្នក!
- សូមនិយាយថា ទេ ចំពោះបំពង់បឺតជ័រ ពីព្រោះជាទូទៅអ្នកកម្រត្រូវការវាណាស់។
- រក្សាទុកថង់ផ្លាស្ទិកដាក់ម្ហូបមកពីផ្សារ សម្រាប់ប្រើឡើងវិញ និងមិនបាច់យកថង់ថែមទៀតចូលផ្ទះ។
- រក្សាស្បោងក្រដាសតាមខ្លួនសម្រាប់ខ្ចប់របស់ ដោយមិនចាំបាច់ត្រូវការថង់ផ្លាស្ទិកថ្មី។
- ទុកដាក់ចោលការវេចខ្ចប់ និងកញ្ចប់ឱ្យបានត្រឹមត្រូវ។
- ចុះហត្ថលេខាលើញត្តិ! មានញត្តិមួយដែលគេកំពុងផ្សព្វផ្សាយតាមភោជនីយដ្ឋាន និងសណ្ឋាគារ ដោយស្នើឱ្យកាត់បន្ថយការប្រើប្រស់វត្ថុធ្វើពីផ្លាស្ទិក នៅក្នុងអាសយដ្ឋាននេះ៖ https://chn.ge/2xhl9xg
- ចូលរួមក្រុមសម្អាតស្ម័គ្រចិត្ត ឬបង្កើតក្រុមមួយសម្រាប់សម្អាតកន្លែងគគ្រិច តាមរយៈកម្មវិធីនេះ៖ https://www.facebook.com/gogreenkhm/
- ប្រាប់គ្រួសារ និងមិត្តរបស់អ្នក អំពីរបៀបទុកដាក់សំរាមត្រឹមត្រូវ!
ការប្រមូលសម្រាម មានការរីកចម្រើនក្នុងរយៈពេលកន្លងមក ប៉ុន្តែនៅតែមានការលំបាក និងអាចធ្វើឲ្យប្រសើរជាងនេះ។ រូបថត៖ Natacha Kim/Oxfam
ក្រុមការងារអង្គការអុកស្វាម មិត្តភក្តិ និងក្រុមគ្រួសារ បន្ទាប់ពីប្រមូលសម្រាមហើយ។ រូបថត៖ Banung Ou